សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ក្រសួងការបរទេសរុស្ស៉ីបានប្រកាសថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានជួបសមភាគីមកពីអ៉ីរ៉ង់ ទួរគី និងលីបង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្ងៃអង្គារនេះ ដោយបានពិភាក្សាគ្នាអំពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា។
ជំនួបនេះធ្វើឡើងនៅក្នុងទីក្រុង New York កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយផ្តោតលើតំបន់ហ្គាហ្សា ស៉ីរី និងភាពតានតឹងនៅសមុទ្រក្រហម។ លោក Lavrov និងរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានយល់ស្របគ្នាឱ្យមានបទឈប់បាញ់ពេញលេញ និងការបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិល នៅតំបន់ហ្គហ្សា ហើយក៏បានសម្តែងក្តីបារម្ភផងដែរអំពីភាពតានតឹងនៅឯតំបន់សមុទ្រក្រហម។
ក្រសួងការបរទេសរុស្ស៉ី បានប្រកាសបន្ថែមថា លោក Lavrov និងរដ្ឋមន្រ្តីការបរទេសលីបង់ លោក Abdallah Bou បានជជែកគ្នាអំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់ប្រទេសក្នុងតំបន់ ដើម្បីឈានទៅរកបទឈប់បាញ់ ក្នុងសង្រ្គាមហ្គាហ្សា។ ដោយឡែក ជាមួយសមភាគីទួរគី លោក Hakan Fidan វិញ លោក Lavrov បានពិភាក្សាអំពីបញ្ហាថាមពលនិងទំនាក់ទំនងទ្វេភាគីនាពេលអនាគត។
តាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនឹងពិភាក្សាគ្នាអំពីស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ាដែលរួមមានទាំងបញ្ហារបស់ប៉ាឡេស្ទីនផងដែរ៕ ដោយធីរីណា
រូបថត: Reuters