ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ផ្តើមចេញពីជ័យជម្នះថ្ងៃ ៧មករា កម្ពុជាបានឈានទៅមុខឥតឈប់ឈរ ទៅតាមទិសដៅដ៏ត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)។
សម្តេចធិបតី បានថ្លែងបន្តថា ៖ នៅក្នុងរយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ គឺជារយៈពេលនៃសាមគ្គីភាព ពីព្រោះថ្ងៃ ៧មករា គឺជាចំណុចសូន្យនៃការចាប់ផ្តើមកសាងឡើងវិញនូវសមិទ្ធផលគ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត ប្រពៃណី ជំនឿ សាសនាលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ៖ ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយ ដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង ៕