ភ្នំពេញ ៖ លោកស្រី សុខ លីណា ម្តាយជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បានស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបានប្តឹងគ្រួសារជនរងគ្រោះវិញហើយ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៥ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដែលមានឈ្មោះ សុខ លីណា ភេទស្រី បានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ថាបាន ធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ មកលើរូបខ្លួនតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងបណ្តាញសារព័ត៌មានជាច្រើន ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុខ លីណា បានដាក់ពាក្យសុំដកពាក្យបណ្ដឹងរបស់ខ្លួនដែល បានប្តឹងខាងលើមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ ចែងថា ….ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់នៃ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្តឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់…” ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើទុកឥតចាត់ការ ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កកើតឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ៖ 2CB-9963 បុកជាមួយម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះជិះម៉ូតូឈ្មោះ សៀង គឹមហុង ដែលជាកីឡាកផងនោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្សល់ទុកប្រពន្ធ និងកូនតូចម្នាក់ឲ្យនៅកំព្រា។ ភាគី ជិះរថយន្ត Jeep មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលត្រូវជាកូនរបស់ លោកស្រី សុខ លីណា។
សម្រាប់សាមីខ្លួនជនបង្ក នៅពេលបង្កហេតុបណ្ដាលឲ្យអ្នកដទៃស្លាប់ហើយនោះ មិនព្រមទទួលខុសត្រូវចំពោះមុខច្បាប់ភ្លាមៗនោះទេ ពោលបានព្យាយាមរត់គេច រហូតរឿងរ៉ាវនេះផ្អើលដល់ថ្នាក់ដឹកនាំ ពិសេស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយចេញមកអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកចាប់ខ្លួន។
រំលងបានមួយថ្ងៃ ក្រោយឃើញដីការបស់តំណាងអយ្យការ ស្រាប់តែក្រុមគ្រួសារជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បាននាំខ្លួនរូបគេមកជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលស្គាល់រាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ដោយបើករថយន្ដធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់បាត់បង់ជីវិត។ ក្រោយមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី រហូតចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
ក្រោយមកបែជាម្តាយជនបង្ក ដែលបើកឡានបុកមនុស្សស្លាប់ មិនដឹងគិតយ៉ាងមេចទេ មកប្តឹងក្រុមគ្រួសារសពចំនួន ៤នាក់ ឮថា ទារសំណងជម្ងឺចិត្ត ដល់ ៨០ដុល្លារ ហើយក៏ត្រូវ ប្រព័ន្ធផ្សាយ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចាត់ទុកថា ម៉ាស្រុកមានមួយ ដែលកូនខ្លួនឯងបើកឡានបុកគេស្លាប់ហើយ ទៅជាបណ្តឹងគ្រួសារសពទៅវិញ ! ប្រហែលភ្ញាក់ខ្លួន សុំដកពាក្យបណ្តឹងវិញ ៕
ដោយ ៖ រ៉ា រ៉ា