ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ដែលគេស្គាល់ឈ្មោះ វីរៈ ដោយមានដុំថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំអញ្ញាខាងជើង ភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយបាត់ខ្លួនជិត១០ថ្ងៃ។
ករណីនេះ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ម៉ុម រឿន (ជាយាយបង្កើត) បានប្តឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយអនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុ ប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវ ជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម រឿន អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត)។
ករណីនេះ ក្រោយពីធ្វើការសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថា ខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្ថភាពចិញ្ចឹមចៅបន្តទៀតនោះទេ។
បច្ចុប្បន្ននាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕