ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា៖ នាវាទេសចរណ៍ WesterDam ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត២ពាន់នាក់ បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង០៧ និហ៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងបន្តថា ភ្លាមៗលោកបានចាត់ឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមគោលដៅ ជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា នាវានេះមានឈ្មោះ WesterDam មានបណ្តោយ ២៨៥.២២ ម៉ែត្រ និងទទឹង ៣២.២៥ ម៉ែត្រ ជម្រៅទឹក ៨,០០ ម៉ែត្រ បានត្រលប់មកពីប្រទេសវៀតណាម ដោយមាននាវឹក ចំនួន ៧៧៦នាក់ ស្រី ចំនួន ១២៨នាក់ មាន ៣៧សញ្ជាតិ និងមានភ្ញៀវទេសចរណ៍ ចំនួន ១៨៧៤នាក់ ស្រី ចំនួន ៩៨៦នាក់ មាន ៤៣សញ្ជាតិ។
ដោយឡែកនាវាមួយនេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី បន្តទៅប្រទេសថៃ៕ដោយ៖តារា