ភ្នំពេញ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះថា៖ គីង្គក់លក់ថ្នាំស្រែង!
លោកបណ្ឌិត គឹម សន្តិភាព បានថ្លែងបញ្ជាក់ថា ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេស តែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅហើយ!
លោករដ្ឋលេខាធិការ បន្ថែមទៀតថា មិនគួរយកឈ្មោះសហគមន៍ខ្មែរជាលេស ដើម្បីបិទបាំងសកម្មភាពបក្សនយោបាយក្នុងវត្តនោះទេ! តើនេះជាសកម្មភាពរបស់សហគមន៍ខ្មែរ ឬជាសកម្មភាពបក្សនយោបាយ ដែលបានយកទីវត្តអារាមជាកន្លែងធ្វើសកម្មភាពបែបនេះ? សូមបងប្អូនពិចារណាផងចុះ!
សូមជម្រាបជូនថា កាលពីម្សិលមិញនេះដែរ លោកបណ្ឌិត គឹម សន្តិភាព បានថ្លែងបញ្ជាក់ដែរថា តើវត្តខ្មែរនៅក្រៅប្រទេសជាកន្លែងសម្រាប់ពុទ្ធសាសនិកគោរពប្រតិបត្តិសាសនា ឬនៅតែជាកន្លែងសម្រាប់មនុស្សមួយក្រុមប្រើប្រាស់ជាទីស្នាក់ការគណបក្សនយោបាយ?
គួរណាស់រក្សាទុកទីអារាមនានា ជាកន្លែងគួរជាទីគោរពសក្ការៈ និងប្រតិបត្តិព្រះពុទ្ធសាសនា ជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ខ្មែរ ជាកន្លែងអប់រំ បង្កើតមិត្តភាព សាមគ្គីភាព របស់ពុទ្ធសាសនិកគ្រប់រូប ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការរូបនេះ ក៏សូមផ្តាំទៅផង សូមមេត្តាកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយបែបនេះអី មិនត្រឹមត្រូវទេ ហើយវាអាក្រក់មើលណាស់ បើមិនចេះខ្មាសអៀនទេ គួរណាស់ខ្មាសក្មេងផង!