ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ របស់ក្រសួងទាំង ៧ទីតាំង អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ។
ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតាបណ្ណបើកបរប្រភេទ ក មានតម្លៃ ២០,០០០ រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០,០០០ រៀល។ ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការប្រឡងយកបណ្ណបើកបរ ប្តូរ និងពន្យារសុពលភាព រួមមាន៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង
ដែលមានបញ្ជាក់ពីដោយអាជ្ញាធរមានសមត្ថកិច្ច
– រូបថត 4×6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក
– លិខិតបញ្ជាក់កាយសម្បទា
– បណ្ណបើកបរចាស់ (សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា)
– វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត (សម្រាប់ការប្រឡងយកបណ្ណបើកបរ ប្រភេទ គ ឃ និង ង)
ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជា ឬចង់ប្តូរពីបណ្ណបើកបរ ពីប្រទេសរបស់ខ្លួន មកយកបណ្ណបើកបរប្រទេសកម្ពុជាវិញ រួមមាន៖
– លិខិតឆ្លងដែន
– ទិដ្ឋាការដែលមានសុពលភាព(មិនមែនទេសចរណ៍)
– លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
– រូបថត 4×6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក
– លិខិតបញ្ជាក់កាយសម្បទា
– បណ្ណបើកបររបស់ជាតិខ្លួនដែលមានសុពលភាព ក្នុងករណីមិនមែនជាភាសាអង់គ្លេស ឬបារាំងត្រូវបកប្រែជាភាសាអង់គ្លេស ឬខ្មែរពីស្ថានទូតនៃប្រទេសរបស់ខ្លួន (សម្រាប់ប្តូរបណ្ណបើកបរ)
– តម្លៃសេវាប្តូរបណ្ណបើកបរ ១២០,០០០ រៀល ៕