ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក ឈឿន រិទ្ធី ហៅនាយស្វិត ដែលជាតារាកំប្លែងជើងចាស់មួយរូបបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
ដោយរោគាពាធ។
សូមបញ្ជាក់ថា ៖ មរណភាពរបស់លោក ឈឿន រិទ្ធី គឺជាការបាត់បង់នូវធនធានសិល្បករដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាដែលលោកតែងតែយកចិត្តទុកដាក់ លះបង់ទាំងកម្លាំងកាយចិត្តជួយថែរក្សា អភិរក្ស លើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ និងតែងតែបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋបានរំសាយអស់នូវទុក្ខកង្វល់ ភាពនឿយហត់ពីការងារ ដោយវោហារស័ព្ទប៉ិនប្រសប់ ពាក្យពេចន៍កំប្លុកកំប្លែងរបស់លោក។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិការបស់លោកជំទាវបណ្ឌិតសភាចារ្យចំនួន១,០០០,០០០រៀល ជូនដល់ក្រុមគ្រួសារនៃសព។
សូមគោរពបួងសួងដល់គុណបុណ្យនៃព្រះរតនត្រ័យ ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក ឈឿន រិទ្ធី ហៅនាយស្វិត សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕