លោក ឃួង ស្រេង នៅសល់តែ៧៤ថ្ងៃទៀតស្ពានអាកាសមរតកតេជោនឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងមន្រី្ដជំនាញបានអញ្ជើញចូលរួមក្នុងពិធីភ្ជាប់ស្ពានអាកាសមរតកតេជោ(ស្ពានអាកាសព្រះមុនីវង្សថ្មី) ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោហ៊ុនសែននិងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដោយការងារសាងសង់ សម្រេចបាន៨០ភាគរយហើយ នៅសល់តែ៧៤ថ្ងៃទៀតស្ពានអាកាសមរតកតេជោ នឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។ ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។
លោកឃួង ស្រេង  បានបញ្ជាក់ថា៖ ស្ពានអាកាសព្រះមុនីវង្សថ្មីត្រូវបានប្តូរឈ្មោះមកជាស្ពានអាកាសមរតកតេជោវិញ ។ ស្ពាននេះក្នុងដំណាក់កាលទី១ការសាងសង់ស្ពានអាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្ន សាងសង់បានសម្រេចប្រមាណ៨០%ហើយ តាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនាឆ្នាំ២០២៤ខាងមុខនេះ។
ដោយឡែកដំណាក់កាលទី២គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៥ខាងមុខនោះដែរ  ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសតេជោជាស្ពានអាកាសទី៨ នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ ម៉ែត្របឹងទំពុន)មហាវិថីព្រះមុនីវង្សជាមួយវិថីកងយោធពលខេមរភូមិន្ទហៅផ្លូវលេខ២៧១ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះគ្រោងចំណាយថវិកាជាង៣៦លានដុល្លារដោយចំណាយពេលវេលាសាងសង់៣៦ខែ ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖  គម្រោងស្ពានអាកាសមរតកតេជោនៅច្រមុះជ្រូកក្បាលថ្នល់ យើងធ្វើការ សាងសង់ផ្លូវផ្ទាល់ដីដែលមានរង្វង់មូលបែងចែកជាឯកទិសនិងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ,មហាវិថីសម្តេចតេ ជោហ៊ុនសែន វិថីកងយោធពលខេមរភូមិន្ទឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានបញ្ជាក់ថា៖ សំណង់ស្ពានអាកាសមរតកតេជោនេះមានពីរជាន់ ស្ពានអាកាសជាន់ទី១ជាស្ពានរង្វង់មូលនៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោហ៊ុន សែនស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្សនិងវិថីកងយោធពលខេមរភូមិន្ទ ។ ស្ពាន អាកាសជាន់ទី២ជាផ្លូវទ្វេទិស មានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្សនិងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
លោកបានបញ្ជាក់ថា៖ មកដល់ខែមករាឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៨ហើយរួមមាន ៖១-ស្ពានអាកាសក្បាលថ្នល់។ ទី២-ស្ពាន អាកាស៧ មករា ទី៣-ស្ពានអាកាសស្ទឹង មានជ័យ។ទី៤-ស្ពានអាកាស៥មករា ។ទី ៥- ស្ពានអាកាសមិត្តភាពកម្ពុជា- ចិនសែនសុខឬហៅថាស្ពានអាកាសផ្សារដីហុយ ។ទី៦-ស្ពានអាកាសចោមចៅ។ ទី ៧-ស្ពានអាកាសឫស្សីកែវលើផ្លូវជាតិលេខ៥ត្រង់ចំណុចឃ្លាំងសាំងនិងទី៨-ស្ពានអាកាសមរតកតេជោនេះ  ៕ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print