ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យមន្រ្តីជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅក្នុងនោះនៅថ្ងៃទី២៨ ខែមករាម្សិលមិញនេះ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៤១នាក់ (ផ្តល់ឡើងវិញ ចំនួន១៥នាក់ និងផ្តល់ថ្មីចំនួន២៦នាក់), សៀវភៅស្នាក់នៅថ្មី ចំនួន២១គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ ចំនួន៤០គ្រួសារ, សៀវភៅគ្រួសារថ្មី ចំនួន២៦គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ចំនួន០១គ្រួសារ។
ជាមួយគ្នានោះ អធិការនគរបាលខណ្ឌទាំង ១៤ខណ្ឌ ក៏បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋានរបស់ខ្លួន បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងតំបន់ស្មុគស្មាញផងដែរ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចូលរួមប្រជុំជួរ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕