ប្រជាពលរដ្ឋបណ្តាស្រុកក្រុងមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងវះកាត់ដោយ ឥតគិតថ្លៃពីក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិកនិងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តផ្តល់ជូន

ចែករំលែក៖

ខេត្តព្រះវិហារ៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក សហការជាមួយក្រុមគ្រូពេទ្យរមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារបានផ្តល់សេវាពិនិត្យព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលមកពីបណ្ដាស្រុកក្រុងទូទាំងខេត្ត។

ការពិនិត្យ ព្យាបាលជំងឺ និងវះកាត់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នោះរៀបចំឡើងនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តគឺចាប់ផ្ដើមពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ហើយការពិនិត្យ នោះមានព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាលរោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសុដន់ (ដុំដោះ) វះកាត់មាត់ឆែប ឆែបក្រអូមមាត់ ម្រាមដៃលើស និងពិការភាពផ្សេងៗ, វះកាត់ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា, វះកាត់ដុំពកលើខ្លួនប្រាណ និងដុំគីសផ្សេងៗ, វះកាត់ក្លនលូន, វះកាត់គ្រួសក្នុងថង់ទឹកប្រមាត់ និងពកក, ព្យាបាលរលាកខ្លួនប្រាណ ដៃជើង មុខមាត់ និងពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ។

នាឱកាសនោះវត្តមានឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមុនពេលបើក ការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

ក្នុងនោះប្រជាពលរដ្ឋក៏អាចទៅទទួលយកសេវាពិនិត្យ ព្យាបាលជំងឺទូទៅនៅទីតាំងចំនួន០២ ផ្សេងទៀត

ទី១.នៅមណ្ឌលសុខភាពម្លូព្រៃ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤និងទី២.នៅសាលាបឋមសិក្សាយាង ស្ថិតនៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ៕

ដោយ: ជីវ័ន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print