សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា តុលាការប៉ាគីស្ថានបានកាត់ទោស លោក Imran Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ សម្រាប់ការធ្វើឲ្យបែកធ្លាយកិច្ចការសម្ងាត់របស់រដ្ឋ ដែលគណបក្សរបស់លោកនិយាយថា ជាការផ្តន្ទាទោសលើកទី២ទៅលើរូបលោក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងត្រឹមតែ១០ថ្ងៃមុនការបោះឆ្នោតជាតិ។
ករណីនេះពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក Khan បានបង្ហាញជាសាធារណៈនូវខ្សែអាត់សំឡេងរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំសហរដ្ឋអាមេរិក ដែលផ្ញើមកឲ្យរដ្ឋាភិបាលប៉ាគីស្ថាន។ គណបក្ស PTI របស់លោក Khan បានឲ្យដឹងថា ទាំងលោក Khan និងអតីតរដ្ឋមន្រ្តីការបរទេស លោក Shah Mehmood Qureshi ត្រូវបានកាត់ទោសដោយតុលាការពិសេសមួយ ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំដូចគ្នា។ គណបក្ស PTI បានប្រកាសថា នឹងប្តឹងជំទាស់ការសម្រេចចិត្តនេះ ហើយចាត់ទុកថាវាជាករណីបន្លំ។
នេះការកាត់ទោសលើកទី២ ទៅលើអតីតនាយករដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាពរូបនេះ ត្រឹមក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ លោក Khan ទើបនឹងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំក្នុងសំណុំរឿងពុករលួយ។ ខណៈដែលការជាប់ពន្ធនាគាររបស់លោក ត្រូវបានព្យួរ និងប្រឈមចំពោះការផ្តន្ទាទោសពីបទពុករលួយ លោក Khan មិនអាចចូលរួមក្នុងការបោះឆ្នោតជាតិ នៅសប្តាហ៍ក្រោយនេះបានទេ។
លោក Khan បានប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើន បន្ទាប់ពីត្រូវទម្លាក់ចេញពីអំណាចក្រោយចាញ់ការបោះឆ្នោត ផ្តល់ទំនុកចិត្តក្នុងសភា កាលពីឆ្នាំ ២០២២៕ ដោយធីរីណា
រូបថត: TTXVN