ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ នេះបេីយោងតាមប្រភពព័ត៍មានពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ជាក់ស្ដែងក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មាននាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ កម្លាំងសង្កាត់កំពង់លួង សហកាជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោកតំណាង អធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ២៥នាក់ មធ្យោបាយកាណូតចំនួន ៣ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ។
ក្នុងប្រតិបត្តិការនោះ មន្ដ្រីជលផលបានឱ្យដឹងថា ក្រុមការងារ បានបន្ដចុះបង្រ្កាប រុះរើ កាត់ច្រឹបរបាំងខុសក្រឡា និងលើសប្រវែង ដើម្បីបើកផ្លូវឲ្យត្រី ធ្វើចរាចរណ៍ចុះទៅក្រោម ជាលទ្ធផល០២ ករណី
*ករណី ០១
– របាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង ១២៥០ម៉ែត្រ
– លូកងសាច់អួន ចំនួន ៦មាត់
– ក្បាលបរ ចំនួន ០១គ្រឿង
– បង្គោល ចំនួន ២៥០ដើម
– ចាក់លែងត្រី ៤០គីឡូក្រាម
*ករណីទី០២ បានប្រទះឃើញកាណូត ០២គ្រឿង កំពុងដឹកជញ្ជូនលៀសប្រភេទចំណីសត្វ ចំនួន១៦០ ការុង ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ឃាត់ចាប់កាណូតទាំង ០២គ្រឿង ព្រមទាំងបានយកលៀសនោះទៅ លែងចូលទន្លេវិញ ។ចំពោះមធ្យោបាយកាណូត ត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន ៕អរុណរះ