ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមឱ្យអ្នកបើកបររថយន្ត Toyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6946 ចូលខ្លួនមកឱ្យសមត្ថកិច្ចសួរនាំបំភ្លឺ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបន្ទាន់ នារសៀលថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីបើកបររថយន្តបង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពេលថ្មីៗនេះ។
បើមិនចូលខ្លួនតាមការកំណត់នេះទេ សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកបើកបររថយន្តនេះ ពីព្រោះសមត្ថកិច្ចកំណត់បានអត្តសញ្ញាណម្ចាស់រថយន្តនោះហើយ។
សូមជម្រាបថា ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ មន្រ្តីជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ៕