ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បានទទួលសពទាហាន៣នាក់ដែលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងយោធានៅក្នុងប្រទេសហ្ស៊កដង់ កន្លងមក ។ ការវាយប្រហារនោះត្រូវបានអាមេរិកចាត់ទុកជាសកម្មភាពរបស់អុីរ៉ង់ ហើយពេលនេះក៏បាន ចាប់ផ្ដើមវាយប្រហារសងសឹកលើមូលដ្ឋានរបស់អ៉ីរ៉ង់នៅស៊ីរីនិងអ៉ី
រ៉ាក់។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍នេះបានបើកការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយទីក្រុងតេហេរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក៣នាក់នៅក្នុងប្រទេសហ្ស៊កដានី។
សហរដ្ឋអាមេរិកបានចោទប្រកាន់ថាការវាយប្រហារដោយយន្ដហោះដ្រូនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គឺជាស្នាដៃរបស់ចលនាប្រដាប់អាវុធគាំទ្រអ៉ីរ៉ង់។ ប៉ុន្តែ បានសម្រេចចិត្តមិនបើកការវាយប្រហារលើទឹកដីអ៉ីរ៉ង់ដោយផ្ទាល់នោះទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកំញើញនិងទប់ស្កាត់កុំឱ្យសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលអាចនឹងក្លាយជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការសងសឹករបស់យើងបានចាប់ផ្ដើមហើយនៅថ្ងៃនេះ ហើយ នឹងបន្តធ្វើឡើងលើគោលដៅដែលយើងជាអ្នកកំណត់»។ យ៉ាងណាក៏ដោយ លោក បៃដិន បានអះអាងថា សហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាឬក៏កន្លែងផ្សេងទៀតនៅលើពិភពលោកឡើយ។ ប៉ុន្តែ លោកបានព្រមានថា សហរដ្ឋអាមេរិកនឹងសងសឹកជាដាច់ខាតចំពោះរាល់ការវាយប្រហារលើកងទ័ពអាមេរិក។
គួរបញ្ជាក់ថា បើតាមទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ឬហៅកាត់ថា CENTCOM នៅក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានប្រើប្រាស់គ្រាប់បែកកំណត់គោលដៅជាក់លាក់១២៥គ្រាប់លើគោលដៅចំនួន ៨៥ ក្នុងនោះរួមមានទីបញ្ជាការគ្រប់គ្រងនិងមូលដ្ឋានស៊ើបការណ៍ រួមទាំងឃ្លាំងស្ដុក គ្រាប់រ៉ុក្កែត មីស៊ីល និងយន្ដហោះដ្រូនដែលជាកម្មសិទ្ធិរបស់កងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់៕ ដោយធីរីណា
រូបថត: Reuters