ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ បានបន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើសបាន ៧៨ គ្រឿងក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿង។
របាយការណ៍ដដែល បន្តថា ជាក់ស្ដែងក្នុងប្រតិបត្តិការនោះលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញយប់មិញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបានឃាត់យានយន្តល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)។
ក្នុងនោះ ១. ល្មើសជាតិស្រវឹង ចំនួន ៤៥ គ្រឿង, កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៣ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ៥ នាក់ និងអ្នកបើកបររថយន្ត ចំនួន៨នាក់។ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣២គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ និងអ្នកបើកបររថយន្ត ចំនួន១៥នាក់។
ចំណែកបទល្មើសផ្សេងៗ ចំនួន ៣៣ គ្រឿង, រួមមាន អត់មួកសុវត្ថិភាព ចំនួន ២៤ គ្រឿង និងរថយន្តគ្មានប័ណ្ណបើកបរ ចំនួន ៩គ្រឿង៕ដោយ៖តារា