ភ្នំពេញ ៖ នាវិមាន ៧មករា នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារព័ត៌មានសង្គម របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងការលើកទិសដៅបន្ត សម្រាប់ឆ្នាំ ២០២៤ របស់ កម្មវិធីសំឡេងការពិតដើម្បីប្រជាជន និងការងារព័ត៌មានសង្គម ដោយមានការអញ្ជើញចូលរួម ពីវាគ្មិនប្រចាំថ្ងៃទាំង ០៥ រូបរបស់កម្មវិធី រួមមាន៖ លោក ប៉ាន់ខែម ប៊ុនថន, លោក ជា ច័ន្ទបរិបូរណ៌, លោក ជុំ កុសល, លោក ជិន ម៉ាលីន និងលោក សេង សុមុនី និងវត្តមានរបស់ថ្នាក់ដឹកនាំខុទ្ទកាល័យ និងក្រុមការងារបច្ចេកទេសទាំង ១៥រូបផងដែរ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់រវាងវាគ្មិនទាំង ០៥ រូប និងក្រុមការងារ ទៅលើបទពិសោធន៏ការងារកន្លងមក ស្វែងរកចំនុចខ្វះខាត ចំណុចខ្លាំង និងខ្សោយផ្សេងៗ លើកយកមកដោះស្រាយ ដើម្បីអភិវឌ្ឍកម្មវិធីឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងឈានទៅរកការពង្រីកខ្លួនក្លាយជា TV Online របស់គណបក្សនាពេលខាងមុខនេះ ៕