លោក Pita Limjareont អាចបាត់បង់សមាជិកភាពក្នុងសភា ក្រោយតុលាការសម្រេច ព្យួរទោស២ឆ្នាំនៃការជាប់ពន្ធនាគារ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា តុលាការនៅប្រទេសថៃ បានសម្រេចប្រកាសសាលក្រមព្យួរទោសរយៈពេល២ឆ្នាំ នៃការជាប់ពន្ធនាគារ សម្រាប់អតីតបេក្ខជននាយករដ្ឋមន្រ្តី លោក Pita Limjareont និងបុគ្គល៧នាក់ផ្សេងទៀត ជុំវិញការពាក់ព័ន្ធរបស់ពួកគេក្នុងសកម្មភាពធ្វើបាតុកម្មកាលពីឆ្នាំ២០១៩។

កាលពី៥ឆ្នាំមុន ចលនាបាតុកម្មទ្រង់ទ្រាយធំបានរីករាលដាល ពាសពេញរាជធានីបាងកក ដែលដឹកនាំដោយអតីតគណបក្ស Future Forward ក្រោមគោលដៅទាមទារឱ្យមានកំណែទម្រង់ ហើយអំពាវនាវឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងនាយករដ្ឋមន្រ្តីនាពេលនោះ។ សម្រាប់សំណុំរឿងខាងលើ គឺពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មមួយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំនោះ នៅក្នុងទីក្រុងបាងកក ពោលគឺនៅប៉ុន្មានខែមុនពេលតុលាការរំលាយគណបក្ស Future Forward ដែលមានលោក Pita ជាសមាជិក។ ក្រៅពីលោក Pita អ្នកដែលរងការផ្តន្ទាទោសដទៃទៀត គឺរួមមានទាំងអតីតមេដឹកនាំគណបក្ស FFP លោក Thanathorn Juangroongruangkit ផងដែរ ដែលបច្ចុប្បន្នជាប់បម្រាមមិនអាចធ្វើនយោបាយបាននោះឡើយ។
បើតាមមេធាវីរបស់ពួកគេ តុលាការថៃបានសម្រេចថា បាតុកម្មថ្ងៃទី១៤ ខែធ្នូនោះ ត្រូវបានរៀបចំឡើងដោយគ្មានការអនុញ្ញាត បាំងទីធ្លាសាធារណៈ និងស្ថិតនៅចម្ងាយត្រឹម ១៥០ម៉ែត្រប៉ុណ្ណោះពីព្រះរាជវាំង Pathumwan។ មេធាវីដដែលបានបន្តថា ដំបូងឡើយអ្នកទាំង៨ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៤ខែ ប៉ុន្តែក្រោយមកត្រូវបានបន្ធូរបន្ថយ មកត្រឹមជាការព្យួរទោសរយៈពេល២ឆ្នាំ នៃការជាប់ពន្ធនាគារវិញ រួមនឹងប្រាក់ពិន័យ២០,២០០បាត (២៨០ដុល្លារ)។
លោក Pita អតីតមេដឹកនាំគណបក្ស Move Forward ដែលជាគណបក្សជំនាន់ក្រោយរបស់ Future Forward ទើបតែត្រូវតុលាការធម្មនុញ្ញថៃសម្រេចផ្តល់សមាជិកភាពនៅសភាឱ្យឡើងវិញប៉ុណ្ណោះ ក្រោយពាក់ព័ន្ធក្នុងសំណុំរឿងកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សព្វផ្សាយមួយ។ ទោះបីបក្ស Move Forward ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុនក៏ដោយ ក៏លោក Pita ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្រ្តីថៃ ដោយសារគោលនយោបាយកំណែទម្រង់ខ្លាំង របស់បក្សនេះ ជាពិសេសពាក់ព័ន្ធបំណងចង់ធ្វើវិសោធនកម្មច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print