ភ្នំពេញ៖ លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពរឹងមាំ ក៏ដោយសារ មានការយកចិត្តទុក ដាក់ពីប្រមុខរាជរដ្ឋាភិបាលផងដែរ ។ លោកស្រី កែវ រ័ត្នតារា បានបញ្ជាក់បែបនេះ នៅក្នុង កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយ មានការចូលរួមជាអធិបតីពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ. នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បានបញ្ជាក់ថា៖
ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពរឹងមាំ គឺពិតជាបានមកពីការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ពិសេសនៅពេលមានគ្រោះអាសន្នណាមួយកើតឡើង។
លោកស្រីបានបន្ដថា៖ជាលទ្ធផលការងារ ដែលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០២៣កន្លងមក ដែលមានទាំងការប្រជុំពង្រឹងសមត្ថភាព នៅទូទាំងខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ បានរៀបចំវេទិកាពីគ្រោះយោបល់ ជាមួយនិងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជាដើម។
លោកស្រីបន្ដថា៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក. ស.ក) រាជធានីភ្នំពេញ បើមិនការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលរាជធានីភ្នំពេញទេ គឺពិតជាមិនអាចសម្រេចបានលទ្ធផលជាផ្លែផ្កាឡើយ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ គួរជាទីមោទនៈនាឆ្នាំ២០២៣កន្លងមកនេះ។
នេះក៏ដោយសារមានការដឹកនាំ ដ៏ត្រឹមត្រូវ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី សម្រេចបានលទ្ធផលយ៉ាងធំធេងទាំង នយោបាយនិងសេដ្ឋកិច្ច។ បន្តថែរក្សាពូនជ្រំ នូវសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក ហើយធ្វើការដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ ជាពិសេសការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានផ្ដោតសំខាន់លើមុំចំនួន៥ គឺទឹក ផ្លូវ ភ្លើង មនុស្ស និងវិស័បច្ចេកវិទ្យា(ឌីជីថល)។
លោកបានបន្ដថា៖ កិច្ចប្រជុំនេះគឺពិតជាបាន ឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ គឺដើម្បីពិនិត្យលទ្ធផលដែលសម្រេចបាន រកចំណុចខ្លាំង ចំណុចខ្សោយ ចងក្រងប្រមូលផ្តុំ ជាទិន្នន័យ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព។
លោកក៏បានស្នើឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ បន្តបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទៅខណ្ឌ សង្កាត់ទាំង១០៥ ដើម្បីឱ្យមន្ត្រីរបស់យើងអនុវត្តការងារ ដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ខណ្ឌ សង្កាត់ ត្រូវតែដឹងពីតួនាទីនិងភាកិច្ចរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាពនិងលើកកំពស់ ការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ខណ្ឌនិងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ សង្កាត់ កាន់តែល្អ ប្រសើរឡើងថែមទៀត៕
ដោយ សំរិត