លោក វង្សី វិស្សុត ត្រូវបានប្រកាសចាត់តាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលការប្រកាសតែងតាំងជាប្រធានក្រុមការងារចុះមូលដ្ឋាលខេត្តកំពង់ធំ ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅទីរួមខេត្តកំពង់ធំ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក ជា ចាន់តូ ត្រូវបានចាត់តាំងជាប្រធានកិត្តិយសនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ , សម្រួលភារកិច្ច លោក ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារគណបក្ស ចាត់តាំងលោក ម៉ៅ សុផាន់ ជាអនុប្រធានក្រុមការងារបន្ថែមលើភារកិច្ចជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ , ហើយ លោក ថោ ជេដ្ឋា និងអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។

ភ្លាមៗ បន្ទាប់ពីទទួលសេចក្តីប្រកាស លោក វង្សី វិស្សុត ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានប្តេជ្ញាចិត្តបន្តខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង ការពារ ពង្រឹង និងបន្តអភិវឌ្ឍស្នាដៃនិងកេរ្តិ៍មរតមរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងធានាឱ្យបាននូវស្ថិរភាព អាធិបតេយ្យភាព កិត្យានុភាព និងការអភិវឌ្ឍដែលជាប្រយោជន៍ជូនប្រជាជន ក៏ដូចជាដើម្បីចូលរួមថែរក្សា និងបង្កើតសមិទ្ធផលឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស ប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគាំទ្ររបស់ប្រជាជន សំដៅបង្កើនសំឡេងឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងអាណត្តិបន្តបន្ទាប់ទៀត។

បន្ថែមពីលើនេះ ក្នុងនាមជាប្រធានគណបក្សចុះមូលដ្ឋាន ខេត្ដកំពង់ធំ លោក វង្សី វិស្សុត បានធ្វើការប្តេជ្ញាចិត្តឱ្យខាងតែបាន, ដើម្បីម្ខាង, ថែរក្សាការពារឱ្យដាច់ខាតនូវសុខសន្តិភាព និង សមិទ្ធផល នានាដែលគណបក្សសម្រេចបាននាពេលកន្លងមក, និងម្ខាងទៀត, ធ្វើឱ្យកាន់តែប្រសើរឡើង និងកាន់តែរឹងមាំនូវសមិទ្ធផលថែមទៀត ជាពិសេសរក្សានិរន្តរភាពនៃកិច្ចអភិវឌ្ឍន៍រុងរឿងឥតឈប់ឈរជូនជាតិមាតុភូមិរបស់យើង និងគណបក្សប្រជាជនកម្ពុជា។

អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នាឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា តាមរយៈការចាត់តាំងក្រុមការងារថ្មីនេះ គណបក្សប្រជាជនកម្ពុជានឹងបន្ថែមកម្លាំងសាមគ្គីគ្នាដ៏រឹងមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ជាមួយនឹងសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅពេលខាងមុខ ហើយនឹងបន្តថែរក្សាបាននូវស្នាដៃ និងសម្រេចសមិទ្ធផលផ្លែផ្កាជាច្រើនទៀតជូនគណបក្ស និងប្រជាជនឱ្យទទួលបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីឱកាសនៃកសាង អភិវឌ្ឍប្រទេសឱ្យកាន់តែរុងរឿងសម្បូរសប្បាយជាលំដាប់ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print