អាមេរិក កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង នៅមជ្ឈិមបូព៌ា

ចែករំលែក៖

រុស្ស៉ី និងចិន ចោទសហរដ្ឋអាមេរិកថា អំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ថាជាអ្នកដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយការវាយប្រហារសងសឹកលើចលនាប្រដាប់អាវុធ គាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់កាលពីពេលថ្មីៗនេះ។

យោធាអាមេរិក កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍សប្ដាហ៍មុន បានវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើននៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនដែលសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា។
ការវាយប្រហារតាមផ្លូវអាកាសនេះដែលមានគោលដៅលើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ បាន និងកំពុងបង្កើនភាពភ័យខ្លាចថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ មិនតែប៉ុណ្ណោះ សេតវិមាន កាលពីថ្ងៃអាទិត្យក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកមានផែនការបើកការវាយប្រហារសងសឹកបន្ថែមទៀត។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vasily Nebenzia ដែលប្រទេសរបស់លោកជាអ្នកកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានលើកឡើងថាការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក គឺមានចេតនាដុតបញ្ឆេះជម្លោះបន្ថែម។ ចំណែក ឯកអគ្គរដ្ឋទូតចិន លោក Jun Zhang ក៏បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះដែរថាសកម្មភាពរបស់សហរដ្ឋអាមេរិកនឹងបង្កទៅជាវដ្ដនៃការសងសឹកដាក់គ្នាទៅវិញទៅមក នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ការខឹងសម្បារចំពោះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ផ្ដើមចេញពីការវាយប្រហារ របស់ក្រុមហាម៉ាស បាន និងកំពុងកើនឡើងកាន់តែខ្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយក៏បានបង្កឱ្យមានអំពើហិង្សានៅក្នុងប្រទេសលីបង់ អ៉ីរ៉ាក់ ស៊ីរី និងយេម៉ែន ផងដែរ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print