ប្រភពខ្សឹបថា ក្រោយពេលលោក យូ ហេង ចូលកាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យសកម្មភាពនាំប្រេងសាំងចូលតាមច្រករបៀងជប់គគីរ ស្រុកបន្ទាយ អម្ពិលកើតឡើងកាន់តែច្រើន ហើយមួយផ្នែកនៃប្រេងសាំងទាំងនោះត្រូវប្រភពខ្លះអះអាងថា ជាប្រេងសាំងគេចពន្ធ ។ ការនាំចូលប្រេងសាំងគេចពន្ធឬប្រេងសាំងបង់ពន្ធ មិនគ្រប់តាមច្រករបៀងក្នុងស្រុកបន្ទាយអម្ពិល កំពុងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើឈ្មួញខិល ខូចនិងសមត្ថកិច្ចពុករលួយ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកបន្ទាយអម្ពិលបានឲ្យដឹងថា ប្រេងសាំងនាំចូលច្រករបៀងជប់គគីរត្រូវបានគេយកមកស្តុកនៅក្នុងឃ្លាំងដ៏ធំមួយកន្លែងនៅក្បែរ ជើងភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-សៀម ភូមិចាន់ក្រហមសែនជ័យ ឃុំអម្ពិល ស្រុក បន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ។ ក្នុងមួយថ្ងៃៗឈ្មួញនាំចូលប្រេងសាំងជាច្រើន ស៊ីទែនមកស្តុកក្នុងឃ្លាំងនោះ ហើយមិនដែលឃើញសមត្ថកិច្ចគយទៅត្រួតពិនិត្យជាប្រចាំឡើយ ។ លោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងលោក ខាន់ ផល្លា អនុប្រធានសាខាគយខេត្តឧត្ដរមានជ័យទទួលបន្ទុកគយចល័តត្រូវបានគេសង្ស័យថាទទួលប្រយោជន៍យ៉ាងច្រើនពីឈ្មួញនាំចូលប្រេងសាំងទើបបណ្ដោយឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត ។
ប្រភពរាយការណ៍ថា ឈ្មួញនាំចូលប្រេងសាំងតាមច្រករបៀងស្រុកបន្ទាយអម្ពិល ជាអ្នកមានលុយមានអំណាចខ្លាំងអាចធ្វើអ្វីៗតាមអំពើចិត្ត ព្រោះមានការឃុបឃិតជា មួយមន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត ។ ស្ថាប័នគយអនុញ្ញាតឲ្យឈ្មួញនាំចូលប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យមួយខែៗពី២០ទៅ៣០ម៉ឺនរថយន្តស៊ីទែន ។ ប៉ុន្តែជាក់ស្ដែងឈ្មួញអាចនាំចូលច្រើនជាងនេះដោយសារមានការឃុបឃិតជាមួយសមត្ថកិច្ចពុករលួយធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធមិនតិចឡើយ ៕