ភ្នំពេញ៖ សប្តាហ៍ទី៣នៃការប្រកួត កីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯកTV5 Boxing Knock Out ទម្ងន់៥៤គីឡូ ក្រាមនាល្ងាចថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះតម្រូវទៅលើកីឡាករ៤នាក់ដដែល គឺកីឡាករ ហេង ពន្លឺ មកពី ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងត្រូវប្រកួតជាមួយកីឡាករ ខុន ឌីណា ខណៈដែលកីឡា ករ ចៅ រស់ មកពីក្លិបកុមារទេពមានប្ញទ្ធិត្រូវ ប្រកួតជាមួយកីឡាករ ឈុន បញ្ញា មកពី ក្លិបរ៉ាហាប់ស្វាយប៉ាកនៅលើសង្វៀន TIFFY ARENA ។
ការជូបគ្នារវាងកីឡាករ ហេង ពន្លឺ នឹង ខុន ឌីណា ពួកគេត្រូវយកពិន្ទុរៀងខ្លួនដើម្បីទទួលបានសិទ្ធិនិងកៅអីឡើងទៅប្រកួត ដំណាក់កាលទី២វគ្គ១៦នាក់ក្រោយពីធ្វើការប្រកួតជម្រុះ៣២នាក់រួចនោះ។ កីឡាករ ២នាក់នេះ គឺជាអ្នកប្រដាល់ស្រករក្រោយ ដូច្នេះពួកគេមិនធ្លាប់ជួបគ្នានោះទេពីមុនមក។ រវាង ហេង ពន្លឺ នឹង ខុន ឌីណា តើ នរណា មានឱកាសឡើងទៅដំណាក់កាលទី២?
គួររំលឹកថា កីឡាករ ហេង ពន្លឺ ប្រកួត ចុងក្រោយចាញ់ ពេជ្រ ភូលូ មកពីក្លិបឫទ្ធីពោធិ៍សែនជ័យដោយពិន្ទុ ។ រីឯការប្រកួត ចុងក្រោយរបស់ ខុន ឌីណា គឺបានវាយ ចាញ់កីឡាករ ម៉ន ខួច មកពីក្លិបការិយាល័យ ទី៥កងទ័ពជើងគោកក្នុងទឹកទី៣ ។ ដោយ ឡែកវាសនាកីឡាករ ចៅ រស់ និងឈុន បញ្ញា ក៏មិនខុសគ្នាជាមួយកីឡាករ២នាក់ខាងលើដែរ គឺគណៈកម្មការតម្រូវឲ្យពួកគេ ប្រកួតឲ្យអស់ពីសមត្ថភាពក្នុងរយៈពេល៣ទឹកដើម្បីកាត់សេចក្តីឈ្នះនិងចាញ់ឈានទៅប្រកួតដំណាក់កាលទី២វគ្គ១៦នាក់នោះ។ ចៅ រស់ មានល្បិចនិងបទពិសោធន៍ ច្រើន ប៉ុន្តែការប្រកួតលើកនេះមិនថាចៅ រស់ ឬក៏ ឈុន បញ្ញា នោះទេគឺមិនអាចធ្វេស ប្រហែសបានឡើយ បើពុំដូច្នេះទេប្រឈមនិងការបាត់បង់ឱកាសឡើងទៅវគ្គ១៦នាក់ពុំខានឡើយ ។ ការប្រកួតចុងក្រោយ របស់ឈុន បញ្ញា ធ្លាប់វាយចាញ់ ឯម សុធី មកពីក្លិបឫទ្ធីពោធិ៍សែនជ័យ ក្នុងទឹកទី២ រីឯចៅ រស់ ប្រកួតចុងក្រោយវាយឈ្នះថៃ ឈ្មោះ Khor Sakthy ដោយពិន្ទុ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ ក្បាច់ខែ្មរបុរាណដណ្ដើមពានរង្វាន់ជើងឯកTV5 Boxing Knock Out ទម្ងន់៥៤គីឡូ ក្រាមមានអ្នកប្រដាល់ចំនួន៣២នាក់ចែកជា៤ដំណាក់កាលតាមរូបមន្តប្រកួត គឺ ដំណាក់កាលទី១ប្រកួតជម្រុះកីឡា៣២ នាក់ទុកតែ១៦នាក់។ ដំណាក់កាលទី២ ប្រកួតជម្រុះ១៦នាក់ទុក៨នាក់ដំណាក់កាលទី៣ជម្រុះក្នុង៨នាក់ទុកតែ៤នាក់ប៉ុណ្ណោះ ចំណែកឯដំណាក់កាលទី៤ប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ៕
ដោយ៖ សារីម