ខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំរបស់យើង តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន និងក្រុមគ្រួសារកងទ័ព ។ នេះប្រសាសន៍ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នាឱកាសអញ្ជើញជួបសំណេះសំណាល ចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ ។
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។
ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។
លោកថ្លែងថា ៖ ថ្នាក់ដឹកនាំរបស់យើង តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន និងក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ សូមបងប្អូនកងទ័ពរបស់យើង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ដែលអាចជះឥទ្ធិពល ដល់សន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ហើយប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព និងការអភិវឌ្ឍ។
សូមបងប្អូនទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្ត ប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ ទៅលើគោលនយោបាយរាជរដ្ឋាភិបាល និងកំែណទម្រង់លើវិស័យយោធា ទំនើបកម្មយោធា ជាពិសេសប្តេជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន ៕