សភាពាណិជ្ជកម្មខេត្តស្វាយរៀង ធ្វើការសាងសង់ចំណតទូក ងាយស្រួលដល់ប្រជាកសិករនាំស្រូវចេញទៅលក់ឱ្យអ្នកទិញនៅប្រទេសជិតខាង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនផលស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាប្រជាកសិករ ដែលធ្វើស្រូវនារដូវប្រាំង សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានសម្រេចធ្វើការសាងសង់ចំណតទូកមួយកន្លែង ស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងនោះក៏មានការធ្វើផ្លូវសម្រាប់រថយន្តដឹកស្រូវចូលទៅក្នុងចំណតទូក ព្រមទាំងមានបំពាក់នូវជញ្ជីងសម្រាប់ថ្លឹងស្រូវដែលអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលនាំស្រូវចេញទៅលក់ឱ្យអ្នកទិញខាងវៀតណាមផងដែរ។

លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀងបានឱ្យដឹងអ្នកសារពត៌មានដឹង ថា គោលបំណងនៃការធ្វើចំណតទូកនេះ ដើម្បីឲ្យប្រជាកសិករងាយស្រួលក្នុងការប្រេីប្រាស់ជាកន្លែងផ្ទេរស្រូវរបស់ប្រជាកសិករចេញចេញពីរថយន្តចូលទូករបស់អ្នកទិញស្រូវមកពីប្រទេសវៀតណាម នៅក្នុងស្រុកស្វាយជ្រុំ ក៏ដូចជាកន្លែងផ្សេងៗទៀតនៅក្នុងខេត្តទៅលក់ឱ្យអ្នកទិញខាងវៀតណាម ព្រោះនាពេលបច្ចុប្បន្ន ស្រូវកំពុងឡើងថ្លៃ ហើយបើមានកន្លែងច្បាស់លាស់នោះគឺងាយស្រួលក្នុងការគ្រប់គ្រង។

លោកបានបន្តឲ្យដឹងទៀតថា ដោយសារឆ្នាំនេះទិន្នផលស្រូវមានតម្លៃខ្ពស់ ហើយប្រជាកសិករបាននាំគ្នាសម្រុកធ្វើស្រូវប្រាំងច្រើន ដូច្នេះហើយខាងសភាពាណិជ្ជកម្មខេត្តបានធ្វើការសម្របសម្រួលទៅខាងភាគីវៀតណាម ដើម្បីស្វែងរកទីផ្សារឱ្យប្រជាកសិករ ដោយទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរនៅមូលដ្ឋានផងដែរនោះគឺ បានចុះទៅពិនិត្យនៅតំបន់សនេះ បានព្រមព្រៀងឯកភាពរវាងភាគីកម្ពុជា និងភាគីវៀតណាម ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធរួចហើយដែរ ពុំមានផលប៉ះពាល់ដល់បង្គោលព្រំដែន ឬប្រឡាយរួមនោះទេ។

លោក  បានបន្ថែមទៀតថា ចំពោះរណ្តៅដីតូចមួយដែលក្រុមការងារជាងបានជីកយកអាចម៌ដីនោះដើម្បីធ្វើជើងទេផ្លូវឲ្យរថយន្តដាក់សម្ភារចូល ក្រោយបញ្ចប់ការងារនោះក្រុមជាងនឹងលុបរណ្តៅនោះឱ្យរាបស្មើមានសភាពដូចដើមវិញ។

ដោយឡែកមន្ត្រីនៃរដ្ឋបាលខេត្តមួយរូបបានឲ្យដឹងផងដែរថា ដោយយោងទៅតាមអនុសាសន៍របស់លោកអភិបាលខេត្តស្វាយរៀងឲ្យស្វែងរកទីផ្សារស្រូវដល់ប្រជាកសិករនៅមូលដ្ឋាន ដូច្នេះត្រូវធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីលក់ស្រូវរបស់គាត់ឲ្យទាន់រដូវកាល មិនត្រូវមានភាពយឺតយ៉ាវនោះឡើយ ព្រោះនាពេលបច្ចប្បន្ន ស្រូវកំពុងមានតម្លៃខ្ពស់នៅលើទីផ្សារធ្វើឲ្យពួកគាត់មានចំណូលខ្ពស់ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងជីវភាពគ្រួសារបានមួយកម្រិត។

ចំណែកប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលនាំស្រូវទៅលក់ទាំងនោះក៏មានការសប្បាយរីករាយផងដែរ ដោយសារមានកន្លែងចំណតទូកច្បាស់លាស់សម្រាប់ទូកចេញចូលងាយស្រួលក្នុងការដឹកស្រូវចេញទៅលក់បានតម្លៃថ្លៃចំណាយតិចក្នុងការដឹកជញ្ជូននៅក្នុងតំបន់មាត់ច្រកព្រំដែន។

...

សូមបញ្ជាក់ថា ចំពោះផលស្រូវដែលប្រជាកសិករលក់ឱ្យអាជីវករវៀតណាម មិនមានលក់បន្តទៅកន្លែងផ្សេងទៀតនោះទេគឺ លក់តែស្រូវនៅក្នុងតំបន់ជាប់ព្រំដែនហើយក្របខ័ណ្ឌនៃការធ្វើកិច្ចសហប្រតិបត្តិការនេះគឺ ត្រឹមតែខេត្តរវាងខេត្តតែប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print