ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរបងប្អូន ពូមីង លោកតា លោកយាយ ដែលមាន ខ្សែស្រឡាយចិន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋចិនរស់នៅព្រះរាជណាចក្រកម្ពុជា សមប្រកបដោយសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤ ។
តោះ ស្វែងយល់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាម , ឆ្នាំ២០២៤នេះ ប្រារព្ធឡើងនៅថ្ងៃទី៩ ខែកុម្ភៈ
សូមរម្លឹកថា ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន វៀតណាម គឺជាពិធីបុណ្យមួយ របស់ជនជាតិចិន វៀតណាម ដែលប្រារព្ធឡើង នៅដើមឆ្នាំថ្មី នៃប្រតិទិនប្រពៃណីចិន វៀតណាម ។ ពិធីបុណ្យនេះ មានឈ្មោះមួយទៀតហៅថា ពិធីបុណ្យនិទាឃរដូវ នៅក្នុងសម័យទំនើបរបស់ចិន ហើយវាក៏ជាពិធីបុណ្យមួយ ក្នុងចំណោម ពិធីបុណ្យជាច្រើនទៀត នៃឆ្នាំចន្ទគតិ នៅទ្វីបអាស៊ីផងដែរ។
ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីចិន ចាប់ផ្តើមនៅពេលដែលព្រះចន្ទថ្មី បានរះឡើងនៅចម្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ នៃឆ្នាំនីមួយៗ។ នៅឆ្នាំ២០២៤នេះ ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន នឹងធ្វើឡើង នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ជាថ្ងៃចាប់ផ្តើមចូលឆ្នាំរោង។
ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីមួយ ក្នុងចំណោមពិធីបុណ្យដ៏ធំ និងល្បីល្បាញបំផុត នៅលើពិភពលោក ហើយជាមូលហេតុ បណ្តាលឲ្យមាន ការធ្វើដំណើររបស់មនុស្ស ឆ្លងពីប្រទេសមួយ ទៅកាន់ប្រទេសមួយទៀត ដ៏ច្រើនជាងគេបំផុត ជាប្រចាំឆ្នាំនៅលើពិភពលោក។ ពិធីបុណ្យនេះ ជាឱកាសនៃថ្ងៃឈប់សម្រាកដ៏ធំមួយ នៅក្នុងតំបន់ Greater China ហើយក៏បានមានឥទ្ធិពលយ៉ាងខ្លាំង ទៅដល់ការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំចន្ទគតិ នៃវប្បធម៌ ប្រទេសជិតខាងរបស់ចិន ក្នុងនោះរួមមាន ៖ ពិធីបុណ្យចូលឆ្នាំថ្មីកូរ៉េខាងត្បូង, ពិធីបុណ្យចូលឆ្មាំវៀតណាម និងពិធីបុណ្យចូលឆ្នាំថ្មីតំបន់ទីបេ។
ពិធីបុណ្យចូលឆ្នាំចិន ក៏ត្រូវបានប្រារព្ធឡើង នៅទូទាំងពិភពលោក នៅក្នុងប្រទេសដែលមានប្រជាជនចិន និងអ្នកកាត់សែស្រឡាយចិនរស់នៅផងដែរ ក្នុងនោះមាន ៖ ប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, កម្ពុជា, ហ្វីលីពីន និងប្រទេសម៉ូរីស ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត នៅទ្វីបអាមេរិកខាងជើង និងអឺរ៉ុប។
នៅក្នុងប្រទេសចិន ទំនៀមទម្លាប់និងប្រពៃណីក្នុងតំបន់ ស្តីពីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី គឺមានភាពផ្សេងពីគ្នា ហើយនៅពេលល្ងាចនៃថ្ងៃចូលឆ្នាំថ្មី ជាទូទៅគឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារចិន ជួបជុំគ្នាទទួលទានអាហារពេលល្ងាចជាប្រចាំឆ្នាំ។ វាក៏ជាប្រពៃណីដែរ សម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់ ធ្វើការសម្អាតផ្ទះរបស់ពួកគេ ដើម្បីបណ្តេញចេញរឿងមិនល្អ ហើយបើកផ្លូវទទួលយក នូវរឿងល្អៗវិញ។ ទំនៀមទម្លាប់មួយទៀតគឺការតុបតែងបង្អួចនិងទ្វារ ជាមួយនឹងក្រដាសកាត់ពណ៌ក្រហម និងមានសរសេឃ្លាជូនពរ ដូចជា ៖ ពាក្យសំណាងល្អ ឬក៏ពាក្យមានសុភមង្គល និងអាយុវែងជាដើម។ សកម្មភាពផ្សេងទៀត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិននេះ រួមមានដូចជា ៖ ការដុតផាវ និងជូនលុយដាក់ក្នុងស្រោមសំបុត្រក្រដាស ពណ៌ក្រហម ដែលគេហៅថា អាំងប៉ាវ។
យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។
នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។
គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។
នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ៕