សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាស បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥

បងប្អូនជនរួមជាតជាទីគោរពស្នេហា !

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកបោះឆ្នោត និងជាអង្គបោះឆ្នោត នៅក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងប្រទេសជាទីមេត្រី ជាបឋមក្នុងនាម គណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការគោរព និងដឹង គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងបានផ្តល់ ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំ នៅគ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយ ជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផល ធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោម ម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើ មាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

ព្រមជាមួយនោះ ខ្ញុំក៏សូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកតំណាងរាស្ត្រ និងជាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅ ទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏ មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ពិតមែនតែការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើត ចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបាន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។
គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សចូលរួមសហការ ជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង។

ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្ត្រ និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមាន លេខរៀងទី ១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវ ជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តនូវកម្មវិធីនយោបាយ របស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ ក្រោមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជាជនមានជីវភាព កាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។

ខ្ញុំសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិទាំងអស់ បានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print