ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្លែងបែបនេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ។
នៅដេីមនៃការសំណេះសំណាលក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានអាននូវសារលិខិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងនូវការគោរព ដឹងគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចតេជោនៅគ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំកន្លងមកធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិជោគជ័យ តាំងពីការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដែលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោម ម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានថ្លែងបន្តថាអង្គបោះឆ្នោតត្រូវពង្រឹងគោលជំហរស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាត្រូវចាត់ទុកការបោះឆ្នោតជាកាតព្វកិច្ចម្នាក់ៗត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាអាណត្តិទី៥ និងអាណត្តិបន្តៗទៀត និងរួមគ្នាប្រឆាំងដាច់ខាតរាល់ឧបាយកលនានារបស់ជនអគតិ និងដៃគូប្រកួតដោយត្រូវខិតខំធ្វើការទប់ស្កាត់វាយបកដើម្បីយកជ័យជំនះលើគូប្រកួត។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានណែនាំឱ្យអង្គបោះឆ្នោតថែរក្សាសុខភាពនិងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតគាំទ្រដណ្តេីមជ័យជំនះត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ ។
ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោក កែ គឹមយ៉ាន បានសន្យានិងប្តេជ្ញាចំពោះមុខជនរួមជាតិ សមាជិកគណបក្សនិងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យថា គណបក្សប្រជាជនកម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងនិតិប្រតិបត្តិ បន្តធានាបាននូវសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៏ និងសូមអំពាវនាវដល់គណបក្សផ្សេងៗដែលមានសិទ្ធិបោះឆ្នោតសូមជួយគាំទ្របេក្ខជនពីគណបក្សប្រជាជនកម្ពុជាដេីម្បីរួមគ្នាធ្វើឲ្យប្រជាជនគ្រប់រូបមានជីវភាពកាន់តែប្រសើរ និងរស់នៅសុខដុមរមនាក្នុងសង្គមគោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និងសម្បូសប្បាយរុងរឿងថែមទៀត៕