ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ខ្ញុំចង់ឱ្យមានការឈ្វេងយល់ទិដ្ឋភាពពីរដាច់ដោយឡែកពីគ្នា ការកំណត់ល្បឿន និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលម្អិតថា ៖
1️⃣ – លក្ខខណ្ឌបច្ចេកទេសក្នុងការកំណត់ល្បឿន(ផ្លាកសញ្ញាកំណត់ល្បឿន) ដោយក្រសួងសាធារណការ និងដឹកជញ្ជូន
2️⃣ -ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក
I-ការកំណត់ល្បឿន៤០គម/ម៉ោងក្នុងទីប្រជុំជន៖ ជាលក្ខខណ្ឌមិនអាចប្រកែកបាន សម្រាប់អ្នកឌីហ្សាញផ្លូវ ដោយឈរលើមូលដ្ឋានបច្ចេកទេសនៃការបែងចែករវាងផ្លូវក្នុងទីប្រជុំជន និងផ្លូវក្រៅទីប្រជុំជន។ការកំណត់នេះ ជាស្តង់ដារទូទៅ ដែលប្រើទូទាំងពិភពលោក សម្រាប់ផ្លូវដែលមានសណ្ឋានដូចគ្នា។ ជាមួយគ្នានេះដែរ ស្តង់ដារឌីហ្សាញដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ គឺបានរៀបចំឡើងដោយប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៩៩មកម្លេះ ហើយមកដល់បច្ចុប្បន្នស្តង់ដារ នៃការកំណត់ល្បឿននេះមិនត្រូវបានផ្លាស់ប្តូរឡើយ។
II-ការអនុវត្តច្បាប់ដោយមន្ត្រីចរាចរណ៍ផ្លូវគោក៖ ការអនុវត្តច្បាប់ជារឿងដាច់ដោយឡែកពីការកំណត់ល្បឿនតាមលក្ខខណ្ឌបច្ចេកទេស ដែលជាទូទៅជាកតព្វកិច្ចរបស់មន្ត្រីមានសមត្ថកិច្ច(នគរបាលចរាចរណ៍) ដោយឈរលើមូលដ្ឋាននៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយទីតាំងនៃការអនុវត្តច្បាប់ ត្រូវបានកំណត់ដោយមន្ត្រីមានសមត្ថកិច្ចផ្ទាល់តែម្តង។
❇️ ដើម្បីបំពេញចន្លោះខ្វះខាត និងឱ្យទៅតាមស្ថានភាពបច្ចុប្បន្នភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើបច្ចុប្បន្នភាពលើផ្លាកសញ្ញាចរាចរណ៍កំណត់ល្បឿនទាំងអស់ លើផ្លូវមួយលេខ និងពីរលេខ និងឲ្យក្រុមការងារបច្ចេកទេសចុះពិនិត្យជាក់ស្តែង សិក្សា ស្រាវជ្រាវ វាយតម្លៃ មុននឹងឈានដល់ការសម្រេចផ្លាល់ប្តូរ ឬបន្ថែមបន្ថយផ្លាកសញ្ញាចរាចរណ៍កំណត់ល្បឿននៅទីតាំងណាមួយនោះ។
❇️ ជាតថភាពមិនអាចប្រកែកបានដែលកើតឡើងជារៀងរាល់ថ្ងៃ នៃអត្រាស្លាប់ របួស និងសោកនាដកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនមានការថមថយឡើយ ។
តើអ្នកដឹងទេ.!! ជាង៤០ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃនេះ កើតឡើងដោយសារការបើកបរលើសល្បឿនកំណត់(រំលោភលើផ្លាកសញ្ញាកំណត់ល្បឿននេះឯង)..!
❇️ សួរថា តើអាចដកផ្លាកសញ្ញាកំណត់ល្បឿន៤០គម/ម៉ោងក្នុងទីប្រជុំជនចេញបានទេ???
ជារួមក្នុងលក្ខខណ្ឌបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន មិនអាចដកផ្លាកល្បឿន៤០គម/ម៉ោងក្នុងទីប្រជុំជនចេញបានទេ ព្រោះវាត្រូវបានកំណត់ក្នុងស្តង់ដារជាសកល ហើយប្រទេសផ្សេងទៀតក៏គេនៅរក្សាដូចប្រទេសកម្ពុជាដែរ។ ម្យ៉ាងវិញទៀតប្រសិនបើមានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទីប្រជុំជនបណ្តាលមកពីការបើកបរលើសល្បឿនដោយមិនមានផ្លាកកំណត់ល្បឿនច្បាស់លាស់ វាជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតែម្តង។
🙏 សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា..! ច្បាប់បង្កើតឡើង ដើម្បីការពារផលប្រយោជន៍ និងអាយុជីវិតប្រជាពលរដ្ឋគ្រប់ៗរូប ៕
ដោយ ៖ សិលា