ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលស្រុកភ្នំស្រួច បញ្ជាក់ថា ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យាជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ដូចការលើកឡើងតាមបណ្តាញសង្គមហ្វេសបុកនោះទេ ហើយភ្លាមៗបន្ទាប់ពីមានករណីខាងលើកើតឡើង កម្លាំងនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យបានបីនាក់ផងដែរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។
រដ្ឋបាលស្រុកភ្នំស្រួច សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ផ្នែកតាម Facebook Page Facebook មានករណីក្មេងទំនើងបង្ករអំពើហឹង្សានៅឧទ្យានជាតិគីរីរម្យបណ្តាលអោយស្លាប់មនុស្ស រដ្ឋបាល ស្រុកសូម បញ្ជាប់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤:២០នាទី នៅលើឧទ្យានជាតិ គីរីរម្យចំណុចជិតរង្វង់មូលនាគព័ន្ធ មានករណីម៉ូតូ ០១គ្រឿងម៉ាកScopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ ២០២២ ជិះគ្នា ០២នាក់បើកបរដោយឈ្មោះ វី សុគុន្ធ បានជិះទៅបុក ម៉ូតូ ០១គ្រឿងទៀត ម៉ាក សង់ C125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ:1KK-4037 ជិះគ្នា ០២នាក់ បើកបរដោយឈ្មោះ សេង រ៉ាច័ន្ទ។ ករណីនេះបណ្តាលអោយដួលម៉ូតូទាំង ០២គ្រឿង រួចបក្សពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ បានមកដល់ ក៏ទាញដំបងមែកស្រល់ដេញវាយទៅ លើបក្សពួករបស់ឈ្មោះ វី សុគុន្ធ ដែលបានមកដល់កន្លែងកើតហេតុដែរនោះ។ ចំណែកឈ្មោះ សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញក៏ទាញដំបងឬស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់។
ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឡើងស្ទាក់ឃាត់បានមុខសញ្ញាខាងភាគីរបស់ ឈ្មោះ សេង រ៉ាវ័ន្ត ចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ សេង រ៉ាវ័ន្ត
២-ឈ្មោះ គង់ ណារី
៣-ឈ្មោះ សេង ពន្លឺ
ចំណែកឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន។ រីឯឈ្មោះ រឺ សុគុន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង។
ករណីខាងលើពុំបណ្ដាលឱ្យមានមនុស្សស្លាប់នោះទេ ហើយសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ ទាំង០៣នាក់ នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕