ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ស្នូលធំបំផុតនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺអភិបាលកិច្ច ដែលមានន័យថា «រៀបចំផ្ទះខ្លួនយើងអោយស្អាត មុនចេញទៅមើលផ្ទះគេ រៀបចំផ្ទះយើងអោយស្អាតទើបមានផាសុកភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ»។ សម្ដេចធិបតី ថា ៖ ទស្សនៈនេះត្រូវតែធ្វើបន្ត ហើយកិច្ចការពីមួយអាណត្តិទៅមួយអាណត្តិ គឺយើងបានធ្វើជាបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ក្នុងការធ្វើជាសេនាធិការអោយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិគឺជាកិច្ចការសំខាន់ ការងារតាមដានត្រួតពិនិត្យគឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូលគឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន្ថរដ្ឋអោយក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមែនជាការវះកាត់នោះទេ ដូច្នេះក្រសួង ស្ថាប័ននានា ត្រូវចូលរួមសហការលើការអនុវត្តកិច្ចការងារនេះ។ សម្ដេចធិបតីថ្លែងថា៖«យើងអនុវត្តមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងនោះទេ ប៉ុន្ដែគឺជាការកែសម្រួលលើការអនុវត្តកិច្ចការងារដែលនៅមានការខ្វះខាត»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ក្រសួង ស្ថាប័នទាំងអស់កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់។ សម្ដេចថា ៖ ការងារអធិការកិច្ចគឺមានសារៈសំខាន់ក្នុងការជួយទៅដល់ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។សម្ដេចធិបតី បានថ្លែងថា៖ «ការពង្រឹងអភិបាលកិច្ចគឺជាការពង្រឹងនូវការងារស្នូលរបស់យើង» ៕