ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានអមដំណើរឯកឧត្ដម ឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដោយបានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំង ព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង អបអរសារទរទិវាជាតិទីក្រុងស្អាត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៤ កុម្ភៈស្អែកនេះ។
ព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងនេះនឹងប្រារព្វធ្វើឡើងនៅទីតាំង កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងមកពី ក្រុមហ៊ុន៣ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) (Everb right China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ៕ ដោយ សំរិត