ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការកែទម្រង់ដែលជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់បួន គឺ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣. ត្រូវមាន ការចូលរួមដោយស្មោះត្រង់ និង ទី៤. ត្រូវមានការលះបង់ ។
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទនៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅសណ្ឋាគារសុខាភ្នំពេញ ។
នៅក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់គ្រប់ ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយក ទៅធ្វើជាធាតុចូលបន្ថែម សម្រាប់ការតម្រង់ទិសការងារ និងការរៀបចំយុទ្ធសាស្រ្តតទៅមុខ មានដូចជា៖ ទី១. របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ត្រូវបានរំលេចច្បាស់លាស់រួចហើយ ក្នុងកម្មវិធីនយោបាយ, យុទ្ធសាស្ត្រ, និងគោលនយោបាយតាមវិស័យនានា, ជាពិសេស ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងកិច្ចប្រជុំពេញអង្គ លើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា, កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ។ «ស្នូល» នៃយុទ្ធសាស្ត្របញ្ចកោណ គឺ ការកែទម្រង់ និង ការពង្រឹងអភិបាលកិច្ច, ហើយកាលណានិយាយពីការកែទម្រង់ អភិបាលកិច្ច គឺ យើងត្រូវគិតដល់ការកែទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន, ប្រព័ន្ធថវិកា, ក្របខណ្ឌគតិយុត្ត, និងធនធានមនុស្ស, ជាកញ្ចប់តែមួយ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ, ពិសេស ការធានា និរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន, ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ បរិយាបន្ន និងចីរភាព ។ ក្នុងស្មារតីនេះ, សម្ដេចបានសម្រេចចិត្តទទួលដឹកនាំផ្ទាល់ លើការងារពាក់ព័ន្ធនឹង «វិធានការគន្លឹះ» ចំនួន ៣ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ ជាមួយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ក្នុងសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រី គឺ ៖ ១. ការកែទម្រង់គុណភាពរដ្ឋបាលសាធារណៈ ដោយផ្តោតជាពិសេស លើការជ្រើសរើសមន្ត្រី, ការពង្រឹងប្រសិទ្ធភាពស្ថាប័ន, និងការរៀបចំនូវប្រព័ន្ធលើកទឹកចិត្តមួយដែលផ្អែកលើ សមិទ្ធកម្ម: ២. ការកែទម្រង់គុណភាពវិស័យអប់រំ, ជាពិសេស ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា; និង ៣. ការកែទម្រង់គុណភាពវិស័យសុខាភិបាល, ជាពិសេស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៅ ទូទាំងប្រទេស ។
ទី២.
ការកំណត់ និងការដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីអាទិភាពនានា ដែលមាន ភាពច្បាស់លាស់, ចំគោលដៅ និង គ្រប់ជ្រុងជ្រោយ សំដៅឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន គឺជាកិច្ចការដ៏មានសារៈសំខាន់ ។ ក៏ប៉ុន្តែ, អ្វីដែល រឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺប្រសិទ្ធភាពនៃការអនុវត្ត ដើម្បីប្រែក្លាយគោលនយោបាយ ឬកម្មវិធីកែទម្រង់ ទាំងឡាយដែលយើងបានដាក់ចេញមកនោះ ឱ្យស្ដែងឡើងជាលទ្ធផលក្នុងភាពជាក់ស្តែងតាមការរំពឹងទុក ។ រាជរដ្ឋាភិបាល អាណត្តិទី ៧ នេះគឺជាអាណត្តិនៃការពង្រឹងគុណភាព និងសមត្ថភាពស្ថាប័ន លើមូលដ្ឋាន ដែលយើងមានស្រាប់ ជាជាងការពង្រីក ។ ក្នុងន័យនេះ, ដើម្បីឱ្យគោលនយោបាយ និង ការកែទម្រង់របស់យើង មានប្រសិទ្ធភាព និង ផ្តល់ផលជាក់ស្តែង បានល្អតាមការរំពឹងចង់បាន, សូមគ្រប់ក្រសួង-ស្ថាប័នទាំងអស់ នៅគ្រប់ កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធ តួអង្គតែមួយ», ទាំងនៅក្នុងដំណាក់កាលរៀបចំ និង ដំណាក់កាលអនុវត្តនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីនានា, ជាពិសេស ចំពោះការងារដែលមានចរិតអន្តរវិស័យ, មានភាពប្រទាក់ក្រឡាគ្នា, និងត្រូវការ កិច្ចសហការរវាងតួអង្គច្រើន, ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុអាចនាំទៅដល់ការបាត់បង់នូវ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ក៏ដូចជាបង្កនូវភាពមិនច្បាស់លាស់ក្នុងការទទួលខុសត្រូវ ។ បច្ចុប្បន្ន, យើងមានយន្តការប្រទាក់ក្រឡាអន្តរកែទម្រង់មួយ ដើម្បីសម្របសម្រួលរវាងកម្មវិធីកែទម្រង់គន្លឹះ ចំនួន ៤ គឺ ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់តាមបែប វិមជ្ឈការ និង វិសហមជ្ឈការ, និង កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ ។ ក្នុងស្មារតីធានាជំរុញបង្កើនប្រសិទ្ធភាព ការងារ, សូមបន្តពង្រឹង, និងក្នុងករណីចាំបាច់, ពិនិត្យកែសម្រួលយន្តការនេះផងដែរ ដើម្បីឱ្យយន្តការនេះ ក្លាយទៅជាគំរូមួយ ក្នុងការអនុវត្ត «អភិក្រមរដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ។ ទី៣. នៅក្នុងគោលដៅនៃ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» ដែលសំដៅទៅដល់ការទទួលខុសត្រូវ ផ្អែកលើលទ្ធផល, ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលមកដល់ដំណាក់កាលយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលជាគោលដៅដ៏ចម្បងរបស់យើង នោះគឺ ការប្រែប្រួលជាសារវ័ន្ត ផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រ អាទិភាព ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវ លើលទ្ធផលនៃការអនុវត្ត របស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ។ ក្នុងន័យនេះ, សម្រាប់កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាច ក្នុងការគ្រប់គ្រង ធនធានហិរញ្ញវត្ថុរបស់ខ្លួន, ក្រសួង-ស្ថាប័ន នីមួយៗ នឹងត្រូវមានការទទួលខុសត្រូវខ្ពស់ លើការប្រើប្រាស់ថវិកា ឱ្យបានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងចំគោលដៅកំណត់, ពោលគឺ, ម្ខាង, ត្រូវទទួលខុសត្រូវ លើការសម្រេចឱ្យបាននូវគោលបំណងគោលនយោបាយ, បេសកកម្ម និង សូចនាករលទ្ធផលរំពឹងទុករបស់ខ្លួន អនុលោមតាមគោលការណ៍នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ»; និង ម្ខាងទៀត, ត្រូវទទួលខុសត្រូវ យ៉ាងម៉ឺងម៉ាត់ លើការប្រើប្រាស់ថវិកាដែលត្រូវបានអនុម័តផ្តល់ជូន ឱ្យបានប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ» ស្របតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជាធរមាន ។ ក្នុងស្មារតីនេះ, សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្ដោតការយកចិត្តទុកដាក់លើកិច្ចការគន្លឹះមួយចំនួន ដោយរួមបញ្ចូលនូវ៖ (១). ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តប្រកបដោយភាពជាម្ចាស់ នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល (២). ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវ «ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» ឆ្នាំ ២០២៣ និង ត្រូវរៀបចំបទដ្ឋានគតិយុត្តចាំបាច់ ទាំងឡាយ សម្រាប់អនុវត្តច្បាប់នេះ ឱ្យបានទាន់ពេល (៣). ត្រូវបន្តជំរុញអនុវត្តយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និងយុទ្ធសាស្ត្រ កែទម្រង់ពាក់ព័ន្ធផ្សេងទៀត ឱ្យសម្រេចបានលទ្ធផល តាមការគ្រោងទុក; (៤). ត្រូវជំរុញ ការរៀបចំ និង ការអនុវត្តវិមជ្ឈការហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព; (៥). ត្រូវជំរុញ ការរៀបចំ និង ការអនុម័តលើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (៦).
ត្រូវរៀបចំការវិភាគ គ្រប់ជ្រុងជ្រោយ ដើម្បីកំណត់កម្រិតស្មុគស្មាញនៃបញ្ហាទាំងអស់ នៅក្នុងកិច្ចដំណើរការកែទម្រង់ប្រព័ន្ធថវិកា, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, និងត្រូវស្វែងរកយុទ្ធសាស្ត្រដោះស្រាយ ឱ្យចំចរិតនៃបញ្ហានីមួយៗ សំដៅធានាថា ទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ផ្អែកលើគោលការណ៍ «គណនេយ្យភាពសមិទ្ធកម្ម» នឹងសម្រេចបានតាមគោលដៅកំណត់ និង (៧). ត្រូវបន្តធ្វើការសិក្សាលើក្របខណ្ឌសិទ្ធិអំណាច និងបន្ទាត់ គណនេយ្យភាព ដែលត្រូវបានដាក់ចេញកន្លងមក ក្នុងក្របខណ្ឌការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា, តាំងពី កម្រិតគោលបំណងគោលនយោបាយ កម្រិតកម្មវិធី រហូតដល់កម្រិតសកម្មភាពប្រតិបត្តិ ហើយរៀបចំបន្ស៊ី ជាមួយនឹងរចនាសម្ព័ន្ធរបស់ស្ថាប័ន ។
ទី៤. សូមលើកទឹកចិត្តដល់គណៈកម្មាធិការដឹកនាំការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យបន្តជំរុញលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបន្ស៊ី និង ប្រទាក់ក្រឡាគ្នាជាមួយនឹងកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។
ទី៥. ដើម្បីធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន, រាជរដ្ឋាភិបាល ត្រូវការជាចាំបាច់នូវប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ប្រកបដោយ សង្គតិភាព និងគុណភាព ។ បច្ចុប្បន្ន, យើងមានមុខងារសវនកម្ម និងអធិការកិច្ច ដែលកំពុងអនុវត្តដោយក្រសួង-ស្ថាប័ននានា រួមមាន៖ អាជ្ញាធរសវនកម្មជាតិ, ក្រសួងអធិការកិច្ច, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ព្រមទាំង សវនកម្មផ្ទៃក្នុង និងអធិការកិច្ចនៅតាមក្រសួង-ស្ថាប័ននីមួយៗ ។ ក្រៅពីប្រព័ន្ធត្រួតពិនិត្យអនុលោមភាពនេះ, យើងក៏បាន និងកំពុងប្រើប្រាស់វិធីសាស្ត្រ «ត្រួតពិនិត្យ តាមដាន និង វាយតម្លៃ» (M&E) ផងដែរ ។ ប្រព័ន្ធត្រួតពិនិត្យទាំងនេះ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត មុខងារ និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន ក៏ដូចជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដូចនេះ, ទន្ទឹមនឹង ការផ្ទេរសិទ្ធិអំណាច, មុខងារ និងការគ្រប់គ្រងថវិកា ទៅកាន់អង្គភាពថវិកានានា ក៏ត្រូវមានការធានាផងដែរថា មុខងារត្រួតពិនិត្យទាំងនេះ ត្រូវបានពង្រឹង ដើម្បីជាកញ្ចក់ឆ្លុះដ៏ស័ក្តិសិទ្ធ សម្រាប់ជួយដល់ក្របខណ្ឌបន្ទាត់ គណនេយ្យភាពឱ្យមានដំណើរការល្អ ។ យ៉ាងណាមិញ, រាជរដ្ឋាភិបាលក៏ទទួលស្គាល់ដែរថា ការអនុវត្តមុខងារ
អធិការកិច្ច, សវនកម្ម, ត្រួតពិនិត្យ តាមដាន និង វាយតម្លៃ ដោយក្រសួង-ស្ថាប័នច្រើនផ្សេងគ្នា ក៏អាចបង្កើតជាបញ្ហាប្រឈមមួយចំនួន ដែលដាក់បន្ទុកលើប្រសិទ្ធភាពការងារនៃវិស័យសាធារណៈ និងវិស័យឯកជន ផងដែរ ។
ដូច្នេះ, សូមគណៈកម្មាធិការដឹកនាំកាងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំរុញធ្វើការសិក្សា និងស្នើឡើងនូវក្របខណ្ឌធ្វើសុខដុមនីយកម្មមុខងារប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចឱ្យបានឆាប់ ផងដែរ។
ទី៦. សូមគូសរំលចបន្ថែមនូវភាពចាំបាច់នៃការផ្សារភ្ជាប់ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នៅក្នុង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅនឹង «ការលើកតម្កើងវប្បធម៌គុណាធិបតេយ្យ» ផងដែរ, ពោលគឺ ការប្រកាន់យកគោលការណ៍ «គុណភាព, សមត្ថភាព និងគុណាធិបតេយ្យ» ជាវប្បធម៌ការងារ, ពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស ។ ប្រការនេះ សំដៅដល់ភាពចាំបាច់ក្នុងការផ្តល់នូវឱកាស និងការលើកទឹកចិត្ត, ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ, ប្រកបដោយសមធម៌ និងយុត្តិធម៌, ជូនដល់មន្ត្រី-បុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍ, បទពិសោធន៍, សមត្ថភាព, ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ ។ គោលការណ៍នេះ ត្រូវអនុវត្តមិនត្រឹមតែក្នុង ក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប៉ុណ្ណោះទេ, ប៉ុន្តែវាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័ន នៅគ្រប់កម្រិត ។
ទី៧. ពាក់ព័ន្ធទៅនឹងភាពចាំបាច់ក្នុងការបន្តជ្រោងឱ្យកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់» ។ រយៈពេល ២០ ឆ្នាំ កន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាការពិត, សមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល, និងតទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ, ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ចការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ ។ កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់បួន គឺ ៖ ទី១. ត្រូវមាន ចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និង ទី៤.
ត្រូវមាន ការលះបង់ ។ លើមូលដ្ឋាននេះ, រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃ ការកែទម្រង់» និង នៅតែប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៥ ប្រការ របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងាររបស់ខ្លួន ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និង ម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់ ។
ជាមួយគ្នាផងដែរ សម្តេចធិបតី បានជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និង គណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈ កែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤» ព្រមទាំងអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និង ពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និង ការវាយតម្លៃ ជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី,កិច្ចសហការ និង ការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យ បាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ៕