សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ៣៤ម៉ឺនដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកជយលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកដណ្ដើមបានជយលាភី ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២២ ដែលធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមរំឮកថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលឥណ្ឌូនេស៊ី ទទួលធ្វើម្ចាស់ផ្ទះជំនួសប្រទេសវៀតណាម កម្ពុជា បានបញ្ជូនអត្តពលិក ១១ប្រទេសកីឡាចូលរួម ។ ជាលទ្ធផលក្រុមកីឡាជនពិការកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង (មាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១) ឈរលេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស ហើយក៏គ្រូបង្វឹក គ្រូជំនួស និងកីឡាករ-កីឡាការិនីទាំងអស់ ក៏បានទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជារួចរាល់ផងដែរ ។

ប៉ុន្ដែដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃព្រហស្បតិ៍នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បាននាំយកថវិកាផ្ទាល់របស់សម្ដេចទាំងទ្វេ មកប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីបន្ថែមទៀត ដោយមេដាយមាស ១គ្រឿង ទទួលបាន ៥ពាន់ដុល្លារ, មេដាយប្រាក់ ១គ្រឿង ទទួលបាន ៣ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ១គ្រឿង ទទួលបាន ២ពាន់ដុល្លារ ហើយបូករួមប្រាក់រង្វាន់លើកទឹកចិត្តគ្រូបង្វឹក និងគ្រូជំនួយ គឺសរុបចំនួន ៣៤ម៉ឺនដុល្លារ ។

សម្តេចពិជ័យ ទៀ បាញ់ មានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងផ្ទាល់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យវិស័យកីឡាកម្ពុជាមានការរីកលូតលាស់ ដែលបានជួយលើកកម្ពស់កិត្យានុភាព និងមោទនភាពជាតិកាន់តែល្បីរន្ធឺសុះសាយទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក ស្របពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧ ក៏បានយកចិត្តទុកដាក់ និងបន្ដជំរុញការអភិវឌ្ឍវិស័យកីឡានេះផងដែរ ។

លើសពីនេះ សម្ដេចពិជ័យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូបង្វឹក និងអត្តពលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងតស៊ូអត់ធ្មត់ និងមានឆន្ទៈម៉ឺងមាត់ ពុះពាឆ្លងកាត់នូវរាល់ឧបស័គ្គយ៉ាងច្រើនក្នុងពេលហ្វឹកហាត់បានសន្សំកម្រិតបច្ចេកទេសល្អ សម្រាប់ការប្រកួតគ្រប់កម្រិត ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ជាក់ស្ដែងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ដែលអត្ដពលិកជនពិការកម្ពុជាដណ្ដើមបានសមិទ្ធផលដ៏ល្អប្រសើរ ហើយកាន់តែពិសេស គឺការធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដ៏ជោគជ័យ កាលពីឆ្នាំ២០២៣ កន្លងទៅ ។

...

ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដាំផ្ញើដល់គ្រូបង្វឹក និងអត្តពលិកជនពិការទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសឲ្យកាន់តែខ្ពស់ ដើម្បីឈានទៅដណ្ដើមយកជ័យលាភីពីការប្រកួតក្រោយៗ ពោលគឺមិនត្រូវមានមោទនភាពចំពោះជយលាភី ដែលដណ្ដើមបានពីការប្រកួតនាពេលកន្លងមក រហូចភ្លេចខ្លួន នាំឲ្យគុណផលធ្លាក់ចុះនោះទេ ព្រោះមានព្រឹត្តិការណ៍កីឡាធំៗជាច្រើន ដែលត្រៀមចូលរួមប្រកួត និងដណ្ដើមកិត្តិយសជូនជាតិមាតុភូមិ ដូចជាកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥ នៅថៃ ពិសេសគឺការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើម្ចាស់ផ្ទះ កាលពីថ្មីៗកន្លងទៅ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print