ភ្នំពេញ ៖ ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលដែលយើងមានចំណេះដឹង គឺយើងអាចមានភាពម្ចាស់ការ និងការកំណត់ជោគវាសនាខ្លួនឯង ហើយភាពម្ចាស់ការ និងការចេះគិតគូរដោយខ្លួនឯង គឺជាភាពចាំបាច់។ ចំណុចនេះហើយដែលយើងតែងនិយាយថា ចំណេះដឹងគឺជាអំណាចនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលយើងមានចំណេះដឹង យើងអាចមានលទ្ធភាព រៀបចំផែនការដើរដោយខ្លួនឯង និងបង្កើនទំនុកចិត្តលើខ្លួនឯង។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅពេលយើងមានចំណេះដឹង សញ្ញាបត្រ និងគុណវុឌ្ឍិ កាន់តែខ្ពស់ គឺជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍបង្កើនសមត្ថភាពមួយកម្រិតកាន់តែខ្ពស់ ដើម្បីបង្កើតឱកាសពង្រីកសមត្ថភាពបន្ថែមទៀតផងដែរ៕