រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង្អុលដឹកនាំឱ្យ​អភិ​​បាល​រដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេង​ល្បែងផ្សងសំណាង ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ «បង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់»។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ នេះជាការរម្លឹកបន្ថែមពីលើអ្វីដែល លោកអភិសន្តិបណ្ឌិត បានណែនាំដោយផ្ទាល់កាលពីថ្ងៃម្សិលមិញ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថាជាជម្រកនៃការទទួលផលចោរកម្ម។ 

សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាងឬឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ នេះ វិញ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យនិងបង្ក្រាបឱ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថាចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។

គួរកត់សម្គាល់ថាការ ការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាងនេះក្ដី សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភុមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការងារនេះ ក៏ស្ថិតក្នុងកញ្ចប់ការងារអាទិភាព៦ចំណុច ដែល លោកអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋផងដែរ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print