ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 27th Cambodia-Japan Joint Committee Meeting) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុននាឱកាសនេះ អង្គពិធីបានជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម និងធនធានមនុស្ស។
លោកឧបនាយករដ្ឋមន្ត្រី ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានពង្រឹងនិងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។ បន្ថែមក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។
មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ក្នុងនាមជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី២៧នេះ។ ក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរអំពីការប្រារព្ធនូវព្រឹត្តិការណ៍ជាច្រើនក្នុងខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន កាលពីឆ្នាំ២០២៣កន្លងទៅនេះ។ ឆ្លៀតក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអារម្មណ៍រំភើបចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈដំណើរទស្សនកិច្ចទៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនជាច្រើន ព្រមទាំងបានលើកឡើងនូវគំនិតផ្ដួតផ្ដើមថ្មី រៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនមកពីប្រទេសជប៉ុន។
សូមជម្រាបជូនថា៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា។ តាមរយៈការចុះហត្ថលេខារវាងសម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ កិច្ចប្រជុំទ្វេភាគីនេះក៏ត្រូវបានប្រារព្វរៀបចំឡើងចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕ដោយ៖តារា