ខេត្តកំពង់ឆ្នាំង ៖ ទីតាំងលក់ដូរមួយកន្លែងគេតែងសង្កេតឃើញ យកមកដាក់លក់ ទាំងយប់ទាំងថ្ងៃនៅនឹងបង្គោលប៉ាណូក្លោងទ្វាស្វាគមន៍ខេត្តកំពង់ឆ្នាំង ការលក់ដូរមួយនេះបានរងការរិះគន់ ពីសំណាក់ ភ្ញៀវទេសចរណ៍ និង អ្នកធ្វើដំណើរ ធ្វើឱ្យប៉ះពាល់ និង សោភ័ណភាព និង បរិស្ថាន ក្រុងកំពង់ឆ្នាំង ។
កន្លែងលក់មួយនេះមិននៅឆ្ងាយណាស់ណានោះទេ គឺនៅកណ្តាលក្រុងកំពង់ឆ្នាំង ជាប់នឹងរបង ទីបញ្ជាការកងរាជអាវុហត្ថ ខេត្តកំពង់ឆ្នាំង ដែលករណីគេសង្កេតឃើញបានដាក់លក់តាំងពីយូណាស់មកហើយ ។ បើទោះបីក្លោងទ្វារស្វាគមន៍ខេត្តកំពង់ឆ្នាំងដែលអាជ្ញាធរខេត្តបានដាក់ស្អាតយ៉ាងណានោះ ក៍ត្រូវបាត់បង់សោភណភាពដែរ ដោយការលក់ដូរនៅទីនេះ បានដាក់ទាំងយប់ទាំងថ្ងៃព័ទ្ធជុំវិញ សសរក្លោងទា្វរ ។
ប្រជាពលរដ្ឋបានលើកឡើងថា នៅតាមកន្លែងមួយចំនួន ក្នុងក្រុងកំពង់ឆ្នាំង មានសោភ័ណភាពបានល្អប្រសើរហើយ ប៉ុន្តែកន្លែងមួយនេះបានធ្វើឱ្យរងការរិះគន់ ពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ ក្រុងកំពង់ឆ្នាំងជាញឹកញាប់ផងដែរ ។
ពាក់ព័ន្ធនិងករណីនេះ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា កន្លងមកអាជ្ញាធរក្រុងធ្លាប់បានធ្វើការណែនាំជាច្រើនដងមកហើយតែអ្នកលក់ដូរនៅទីតាំងនេះមិនបានស្តាប់ការណែនាំរបស់អាជ្ញាធរនោះទេ នៅតែដាក់លក់អណាធិបតេយ្យដែលបង្កប៉ះពាល់ដល់សោភ័ណភាពរបស់ក្រុងជាខ្លាំង ។
លោកអភិបាលក្រុងក៍បានស្នើឱ្យសួរទៅខាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថផងដែរ ព្រោះការលក់ដូរនេះ គឺនៅជាប់និងរបងកងរាជអាវុធហត្ថខេត្ត ។
យោងតាមប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អ្នកលក់ដូរនេះដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុង គឺគាត់មានសាច់ញាតិនៅក្នុងកងរាជអាវុហត្ថនេះដូចនេះ បានជារាល់ការណែនាំរបស់អាជ្ញាធរក្រុងពុំសូវមានប្រសិទ្ធិភាពនោះ ។
ពាក់ព័ន្ធនឹងករណីនេះ លោក សាក់ សារ៉ាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ពុំអាចទាក់ទងសុំការបញ្ជាក់បាននោះទេ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤ នេះ ៕ចន្ថា