ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនដែលប្រឌិតរឿងស្ដ្រីម្នាក់ឈ្មោះ គង់ ម៉ូលីកា ជាមួយមន្ដ្រីនគរបាលចរាចរណ៍ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ យឹមសុជាណា ដែលប្រឌិតរឿងស្ដ្រីម្នាក់ឈ្មោះគង់ ម៉ូលីកា ជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅស្ដុបក្ដាន់ពីរ បង្កឲ្យមានការយល់ច្រឡំពីសាធារណៈមតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹង ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ ធ្វើក្រោមបទចោទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ មាត្រា៣១២ មាត្រា៦២៦ និងមាត្រា៦២៧ ក្រមព្រហ្មទណ្ឌ នៃកម្ពុជា។

សូមជម្រាបថា តាមលទ្ធផលស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ យឹម សុជាណា ដែលបានប្រឌិតអង្គហេតុ បរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំទៅលើឈ្មោះ ខៀវ សុខឡាយ ដែលការពិតក្នុងអង្គហេតុនេះ ឈ្មោះ ខៀវ សុខឡាយ ពុំបានប្រព្រឹត្តនោះឡើយ។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៦ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទិននឹងករណីប្តឹងបរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំ ដែលមានជនត្រូវចោទ ឈ្មោះ យឹម សុជាណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទ ប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ឈ្មោះ យឹម សុជាណា ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធីច្បាប់៕ដោយ រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print