ខេត្តត្បូងឃ្មុំ÷ពិធីបុណ្យឆ្លងមហាកុដិទំហំ ១១មx១៩ម រូបដំរី១គូ និងជួសជុលសាលាឆាន់ រួមនឹងសមិទ្ធផលដទៃទៀតក្នុងបរិវេណវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទដែលមានផ្ទៃក្រឡាជាង១០ម៉ឺនម៉ែត្រការ៉េ (១៤២.៩៣៥ ម៉ែត្រការ៉េ) ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងមានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យសម្ពោធឆ្លងនាថ្ងៃ អាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមនិងថវិកាសម្រាប់កសាងវត្ត ទុកជាកេរដំណែលមនុស្សជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាមួយគ្នានេះ ភាពស្អាត ភាពបៃតង និងចីរភាព ជាយុទ្ធសាស្រ្តគន្លឹះដែលក្រសួង បរិស្ថានបានដាក់ចេញ ក៏ជាកិត្តយសមួយដែរសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ពីព្រោះថា ភាពស្អាតនឹងសាយភាយទៅកាន់ពិភពលោក ហើយជនបរទេសនៅលើពិភពលោកនឹងមកលេងកម្ពុជា ដោយម្យ៉ាងយើងមានអង្គរវត្ត ហើយម្យ៉ាងទៀតប្រទេសយើងស្អាត មានសម្រស់ធម្មជាតិបៃតងល្អ តាមរយៈគោលដៅលំហែបៃតង ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅតាមសហគមន៍មូលដ្ឋាន នៅទូទាំងប្រទេស។
បណ្ឌិត អ៊ាង សុផល្លែត ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ឆ្នាំ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យឥតឈប់ ឈរ ក្រោមអគ្គមគ្គុទេសក៍ដ៏ឆ្នើមពេញដោយឋាមពលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននាំមកនូវភាពសុខ ដុមរមនានៃសាសនា ដើម្បីរក្សាសុខសន្តិភាព និងជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានការអភិវឌ្ឍឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕