អ៊ុយក្រែន កំពុងប្រឈមនឹងស្ថានការណ៍ដ៏លំបាក នៅសមរភូមិប្រយុទ្ធ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាកងទ័ពអ៊ុយក្រែន ដែលទើបតែរងការប៉ះទង្គិចផ្លូវចិត្ត ដោយសារតែការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយ ឥលូវនេះត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកនៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៉ីថែមទៀត ដោយសារតែការយឺតយ៉ាងក្នុងការផ្ដល់ជំនួយយោធារបស់លោកខាងលិច។

ការបង្កើនការវាយលុកយ៉ាងខ្លាំងរបស់កងកម្លាំងរុស្ស៉ី ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងប៉ុន្មានខែចុងក្រោយនេះ បានបើកផ្លូវឱ្យរុស្ស៉ីវាយដណ្ដើមបានទីក្រុង Avdiivka កាលពី សប្ដាហ៍មុន តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនការប្រារព្ធខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ ឆ្នាំ២០២២។ តាមលោក Zelensky យោធាអ៊ុយក្រែន កំពុងខ្វះខាត គ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំ ហើយការខ្វះខាតនេះកាន់តែយ៉ាប់យ៉ឺនឡើង ដោយសារតែការជាប់គាំងជំនួយ ៦០ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក។
លោក Zelensky ធ្វើការកត់សម្គាល់បែបនេះ ក្រោយបំពេញទស្សនកិច្ចសួរសុខទុក្ខកងទ័ពអ៊ុយក្រែន នៅឯសមរភូមិក្នុងតំបន់ Kharkiv កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍កាន់តែលំបាកទៅៗ នៅតាមផ្នែកជាច្រើននៃសមរភូមិជួរមុខ ជាទីដែលកងទ័ពរុស្ស៉ីបានប្រមូលផ្ដុំ ការបម្រុងទុកជាអតិបរមា»។ លោក Zelensky បន្ថែមទៀតថាកងទ័ពរុស្ស៉ី កំពុងទាញយកប្រយោជន៍ពីការយឺតយ៉ាវនៃការផ្ដល់ជំនួយដល់អ៊ុយក្រែន ខណៈអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់កំាភ្លើងធំ ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ និងការពារដែនអាកាស។
បើតាមក្រុមមេបញ្ជាការអ៊ុយក្រែន នៅបន្ទាប់ពីដណ្ដើមបានទីក្រុង Avdiivka កងទ័ពរុស្ស៉ីអាចនឹងវាយលុកលើទីក្រុង ឬផ្នែកជាច្រើនទៀតនៅសមរភូមិ ជាពិសេសក្នុង តំបន់ Zaporizhzhia នៅភាគខាងត្បូងនៃប្រទេស ទីដែលកងទ័ពអ៊ុយក្រែនកំពុងប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពីកងទ័ពរុស្ស៉ី៕

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print