ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា «ឧបនាយករដ្ឋមន្ត្រី» ហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ការបោះឆ្នោតប្រើសេចក្ដីទុកចិត្តនេះគឺតាមរយៈការស្នើសុំពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឲ្យលោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
លោក ហ៊ុន ម៉ានី ត្រូវបានសមាជិកសភាចំនួន១២០រូបលើ១២០ដែលមានវត្តមាន បោះឆ្នោតយល់ព្រមផ្ដល់សេចក្ដីទុកចិត្ត។
ក្រៅពីលោក ហ៊ុន ម៉ានី ក៏មានលោក ស្រី ថាមរុង្គ និងលោក ប៉ែន វិបុល ក៏ត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ។
សូមជម្រាបថា ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១៥រូប។
របៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប៖
១- លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
២- លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស
៣- លោក ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ៕