ភ្នំពេញ÷ «ជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់» នេះគឺជាការថ្លែងសរសើរ និងលើក ទឹកចិត្តចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃពីសំណាក់ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ យោងតាមការប៉ាន់ប្រមាណលើចំនួននេះ ដែលប្រជាពលរដ្ឋម្នាក់អាចប្រើថង់ប្លាស្ទិកចន្លោះពី ២ទៅ៤ថង់ក្នុងមួយថ្ងៃ ហើយបើប្រជាពលរដ្ឋម្នាក់ឈប់ប្រើថង់ប្លាស្ទិក១ថ្ងៃ ដែលមានចំនួន៤ថង់នោះ ក្នុង១ថ្ងៃកម្ពុជាបានកាត់ បន្ថយចំនួនថង់ប្លាស្ទិកជិត ២០លានថង់។
ការថ្លែងឡើងរបស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺឆ្លើយតបនឹងការជជែកពិភាក្សាជាមួយលោក អាឡិន បូមិន(Alan Bowman) អគ្គនាយកអាស៊ីអាគ្នេយ៍នៃកិច្ចការសកលប្រទេសកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
លោក អាឡិន បូមិន(Alan Bowman) បានកោត សរសើរចំពោះកម្ពុជាថា មានការអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះ លោកក៏ចង់ស្វែងយល់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកលើគោក និងការកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទឹកទន្លេ ហើយស្របជាមួយគ្នានេះ លោកអាឡិន បូមិន(Alan Bowman) ក៏ធ្លាប់បានរួមចំណែកក្នុងការសំអាតការបំពុលនៅក្នុងសមុទ្រផងដែរ។
បណ្ឌិត អ៊ាង សុផល្លែតបានថ្លែងអំណរគុណចំពោះលោក អាឡិន បូមិន(Alan Bowman) និងប្រជាពលរដ្ឋប្រទេសកាណាដាទាំងអស់ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យបរិស្ថានរបស់កម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។ កិច្ចសហប្រតិបត្តិការនេះបានបង្ហាញអំពីភាពសាមគ្គីភាពរវាងប្រទេសអភិវឌ្ឍន៍ (អឺរ៉ុប) និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ានដូចជាកម្ពុជា ឱ្យឈានទៅរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពស្អាត ភាពបៃតង និងចីរភាពដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។
លើសពីនេះកម្ពុជានឹងរួមចំណែក ហើយបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ស្អាតជាមួយប្រទេសជិតខាង ដែលមានរួមមានថៃ វៀតណាម និងប្រទេសឡាវ ហើយឆាប់ៗខាងមុខនេះ កម្ពុជា និងឡាវនឹងមានចុះអនុស្សរណៈយោគយល់ MoU រួមគ្នាដើម្បីភាពស្អាត ជាពិសេសគឺការសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ ដែលមានត្រីជាប្រភពប្រូតេអ៉ីន ដែលទ្រទ្រង់ជីវិតប្រជាជននៃប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕