បែក​ធ្លាយ​…! លោកផ្កាយ២ ភឺន ផល្លា បុគ្គលដែលបានបង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច   រំលោភយកដីប្រជាពលរដ្ឋរាប់រយហិកតា នៅស្រុកព្រៃនប់ គួរចាត់ការតាមក្រមព្រហ្មទណ្ឌជាធរមាន

ចែករំលែក៖

ខេត្តព្រះសីហនុ : មិនមែនជារឿងធម្មតា ចំពោះអំពើប្រព្រឹត្ត ដោយលោកផ្កាយ២ ភឺន ផល្លា រឿងរំលោភយកដីប្រជាពលរដ្ឋ អាជ្ញាធររកឃើញកំហុស និងបទល្មើសធ្ងន់ធ្ងរបំផុត ! ប្រហែលជាបុគ្គលរូបនេះ មានសំអាងលើ ខ្នងបង្អែក អំណាចណាមួយ បានជា គឃ្លើននឹងផ្លូវច្បាប់ ហើយគាត់បានជ្រាបឬនៅ អ្វីទៅជាអភិក្រមទាំង៥? ដែលមានសុពលភាព សម្រាប់អនុវត្តមន្ត្រីគ្រាប់ល្ពៅ ! ត្រូវយល់ថា ,

១. ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។
២. ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺ រៀបចំការស្លៀកពាក់សមរម្យឱ្យសក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។
៣. ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។
៤. ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គង ដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។
៥. វះកាត់ ។
ផ្អែកលើទិដ្ឋភាពច្បាប់ ការប្រព្រឹត្តរបស់ ឈ្មោះ ភឺន ផល្លា គឺជាការបំពានច្បាប់ទាំងស្រុង ដែលធ្វើអោយប៉ះពាល់ដល់កំណែទម្រង់កម្មវិធីនយោបាយ នៅក្នុងអាណាត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអនុវត្តកំណែទម្រង់កម្មវិធីនយោបាយ ប្រព័ន្ធយុត្តិធម៌ គោលនយោបាយដីធ្លី និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនក្នុងគោល ដៅបំរើប្រជាពលរដ្ឋ និងប្រទេសជាតិក្រោមម្លប់សន្តិភាព ដោយមិនទុកអោយប្រជាជនណាម្នាក់ជួបទុក្ខលំបាក ដែលរាជរដ្ឋាភិបាលមិនបានជួយដោះស្រាយនោះឡើយ។
លោកផ្កាយ២ ភឺន ផល្លា បានបង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច   រំលោភយកដីប្រជាពលរដ្ឋរាប់រយហិកតា នៅស្រុកព្រៃនប់ គួរចាត់ការតាមក្រមព្រហ្មទណ្ឌជាធរមាន ។ នេះបើយោងតាមលិខិត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១  សូមគោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកម្មវត្ត៖ ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវករណីវិវាទដីធ្លីរវាង ឈ្មោះ ភឺន ផល្លា និង ប្រជាពលរដ្ឋនៅ ភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមលិខិតដែលមាន ១០ទំព័រ របស់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១  សូមគោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញយ៉ាងច្បាស់ថា , លោកផ្កាយ២ ភឺន ផល្លា ជំនាញខាង បង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច   រំលោភយកដីប្រជាពលរដ្ឋ ។ ដូច្នេះសូមថ្នាក់លើពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវ ពីបុគ្គលិកលក្ខណៈ នៃបុគ្គលនេះ បានប្រព្រឹត្តបំពានច្បាប់ដោយកម្រិតណា ?
នៅក្នុងលិខិត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា : លទ្ធផលអង្កេតស្រាវជ្រាវករណីវិវាទដីធ្លីរវាង ឈ្មោះ ភឺន ផល្លា និង ប្រជាពលរដ្ឋនៅ ភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរយៈ ការបំភ្លឺរបស់សាក្សី និងអាជ្ញាធរមូលដ្ឋាន៖
១- តាមកំណត់ហេតុបំភ្លឺចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ស៊ាន ឈុនហេង បានបញ្ជាក់ថា៖ នៅ ឆ្នាំ២០០៦ នាងខ្ញុំបានចុះប្រមូលទិញដីស្រែពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដីបានអាស្រ័យផលជាក់ស្តែង សរុបបាន ទំហំ ៦០ហិកតា នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងតំលៃ ៥០០ដុល្លា ក្នុងមួយហិកតា។ បន្ទាប់ពីទិញរួច មានអ្នកគួកជេម្នាក់ឈ្មោះ អឿន វិជ្ជរ៉ា បានទំនាក់ទំនងសុំទិញដីនេះឱ្យទៅឈ្មោះ ឈិត ហ៊ាង និងឈិត ហ៊ាន ក្រោយការព្រមព្រៀងគ្នាទិញលក់រួច នាងខ្ញុំបានធ្វើលិខិតផ្ទេរសិទ្ធិជូនទៅឈ្មោះឈិត ហ៊ាង និង ឈិត ហ៊ាន ដែលមានការទទួលស្គាល់ពីសាលាស្រុកព្រៃនប់។
២- តាមកំណត់ហេតុបំភ្លឺចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក លឹម មានសុខ បានបញ្ជាក់ថា៖ ខ្ញុំបាន ស្គាល់ឈ្មោះ ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី នៅអំឡុងឆ្នាំ ១៩៩៣ តាមរយៈការចុះប្រមូលទិញដីធ្លីឱ្យ ក្រុមជនជាតិចិនតៃវ៉ាន់ទាំងអស់នោះ ប៉ុន្តែចំពោះទីតាំងដីនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រុមជនជាតិចិនតៃវ៉ាន់ ទាំងនោះពុំស្គាល់ព្រំដីទេ ព្រោះពុំដែលបានចុះពិនិត្យ។ ក្រោយពេលទិញដីរួច នៅអំឡុងឆ្នាំ ២០០៦ រូបខ្ញុំ និង ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី បានឯកភាពគ្នាបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Wynn International Co., Ltd.។ ចំពោះការទិញលក់ដី រវាងឈ្មោះ ភឺន ផល្លា និងឈ្មោះ ជិន យានមិង និងចូវ ស៊ូម៉ី ចំនួន ១០៨ ប័ណ្ណ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងនាមខ្ញុំជាប្រធានក្រុមហ៊ុន ខ្ញុំពុំបានដឹងឮរឿងទិញលក់ដីនេះទេ។

៣- តាមកំណត់ហេតុបំភ្លឺចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ឯក ជិន មេភូមិអូរតាសេក និង លោក តុង បៀវ មេភូមិអូរឧកញ៉ាហេង បញ្ជាក់អះអាងថា៖ ចាប់តាំងពីមានការកំណត់តំបន់ការពារធម្មជាតិ ឧទ្យាន ជាតិព្រះសីហនុរាម គ្មានជនជាតិចិនតៃវ៉ាន់ណាម្នាក់ដែលជាម្ចាស់ប័ណ្ណដី បានចូលគ្រប់គ្រងកាន់កាប់ជាក់ស្តែង ដូចការអះអាងរបស់ឈ្មោះ ភឺន ផល្លា នោះឡើយ ។ ដីលំនៅដ្ឋាន ស្រែ ចម្ការទាំងអស់ នៅក្នុងភូមិអូរតាសេក និង ភូមិអូរឧកញ៉ាហេង គឺត្រូវបានគ្រប់គ្រង និងកាន់កាប់អាស្រ័យផលដោយប្រជាពលរដ្ឋ និងទីតាំងខ្លះបានស្នើសុំចុះ បញ្ជី ក្នុងនោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ហើយផងដែរ ។

៤- តាមកំណត់ហេតុបំភ្លឺចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក កៅ ឡេង មេឃុំអូរឧកញ៉ាហេង បាន អះអាងថា៖ ចំពោះការអះអាងរបស់ឈ្មោះ ភឺន ផល្លា ដែលបញ្ជាក់ថានៅឆ្នាំ២០១៥ ក្រុមរបស់គាត់ (ភឺន ផល្លា) រួមទាំងជនជាតិចិនតៃវ៉ាន់ បានចុះសិក្សាដីទំហំ៦៣៤ហិកតា ហើយអះអាងថាមានប្រជាពលរដ្ឋប្រមាណតែ១០០ គ្រួសារនោះ ការបំភ្លឺនេះពុំមានភាពត្រឹមត្រូវទេ ព្រោះនៅអំឡុងឆ្នាំ២០១៥ មានប្រជាពលរដ្ឋរស់នៅច្រើន ដែល បានតាំងទីលំនៅ ធ្វើអាជីវកម្ម ធ្វើស្រែចម្ការ ដោយមិនមានក្បាលដីមួយណាដែលគ្មានម្ចាស់នោះឡើយ។ ចំពោះ ករណីដីវិវាទនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេងនេះ ក្នុងនាមអាជ្ញាធរឃុំស្នើសុំថ្នាក់ដឹកនាំសម្រេច ពិចារណាប្រគល់ដីជូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីជាក់ស្តែងតាំងពីយូរឆ្នាំណាស់មកហើយ។

៥- តាមកំណត់ហេតុបំភ្លឺចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ព្រំ ប៊ុន្នី តំណាងរដ្ឋបាលស្រុកព្រៃនប់ បាន បញ្ជាក់ថា៖ ចាប់តាំងអំឡុងឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ពាក់ព័ន្ធទីតាំងដីដែលកំពុងកើតមានវិវាទនេះ រដ្ឋបាលស្រុកព្រៃនប់ ពុំដែលបានបាត់មន្ត្រីទៅហាមឃាត់ប្រជាពលរដ្ឋមិនអោយសាងសង់ រឺធ្វើសកម្មភាពផ្សេងលើដី របស់បងប្អូនឡើយ ។ ដោយឡែក ចំពោះការផ្ទេរសិទ្ធិដីធ្លីស្រែចំការ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលស្រុកព្រៃនប់ បានអនុវត្តតាមយន្តការច្រកចេញចូលតែមួយសម្រួលជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

៦- តាមកំណត់ហេតុបំភ្លឺចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ ខ្ញុំពិតជាបានធ្វើដំណើរកោះតៃវ៉ាន់ ជាមួយឈ្មោះ ភឺន ផល្លា និងប្រពន្ធរបស់គាត់ ប្រាកដមែន ។ ការធ្វើ ដំណើរទៅកោះតៃវ៉ាន់នេះ ក្នុងគោលបំណងដើម្បីជួយរៀបចំសំណុំបែបបទចុះបញ្ជី ផ្តិតមេដៃផ្ទេរកម្មសិទ្ធិពីឈ្មោះ ជិន យានមិង និងឈ្មោះ លីន វេនហ្វា ដែលពាក់ព័ន្ធទីតាំងដីចំនួន ១២ ប័ណ្ណ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញតែប៉ុណ្ណោះ មិនមានការពាក់ព័ន្ធជាមួយនឹងឯកសារផ្ទេរកម្មសិទ្ធិដីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដូចការអះអាងរបស់ឈ្មោះ ភឺន ផល្លា នោះទេ ។

លោកអភិបាលខេត្តព្រះសីហនុបានបន្តថា :  អំពីការពិនិត្យស្រាវជ្រាវលើភស្តុតាងជាឯកសាររបស់គូភាគី

១. ឯកសាររបស់ឈ្មោះ ឈិត ហ៊ាន, ឈិត ហ៊ាង និង ភោគ វឌ្ឍនា ៖

យោងរបាយការណ៍របស់រដ្ឋបាលស្រុកព្រៃនប់ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍របស់រដ្ឋបាល ឃុំអូរឧកញ៉ាហេង ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងកិច្ចសន្យាលក់ផ្តាច់ របស់ឈ្មោះ ឈិត ហ៊ាន, ឈិត ហ៊ាង និង ភោគ វឌ្ឍនា មានគល់បញ្ជីត្រឹមត្រូវ។

២. ឯកសាររបស់ឈ្មោះ ភឺន ផល្លា៖

យោងកំណត់ហេតុអង្កេតដីចំនួន ១០៨ ប័ណ្ណ ដែលការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ និងឯកសារពាក់ព័ន្ធផ្សេងៗដែលឈ្មោះ ភឺន ផល្លា បានដាក់ជាភស្តុតាង ជូន ក្រុមការងារ រួមមាន៖ កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ និងលិខិតប្រគល់- ទទួលប្រាក់ចំនួន ០៤ ដំណាក់កាល ក្រុមការងារបានរកឃើញភាពមិនប្រក្រតីដូចខាងក្រោម៖

• ផ្ទៀងផ្ទាត់ស្នាមមេដៃរបស់ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើកិច្ចសន្យាទិញ-លក់ដី ជាមួយស្នាមមេដៃរបស់ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើកំណត់ហេតុអង្កេតដី លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណឆ្នាំ១៩៩២ ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្តាច់ មានស្នាម ក្រយ៉ៅមិនដូចគ្នា ។

• ផ្ទៀងផ្ទាត់ស្នាមមេដៃរបស់ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើលិខិតប្រគល់-ទទួល ប្រាក់ទាំង ០៤ ដំណាក់កាល ជាមួយស្នាមមេដៃរបស់ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើ កំណត់ហេតុអង្កេតដី លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណឆ្នាំ១៩៩២ ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្តាច់ មានស្នាមក្រយ៉ៅមិនដូចគ្នា ។

យោងលិខិតលេខ ០៤២ សជណ/អអ ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍នៃក្រសួងមហាផ្ទៃ ស្ដីអំពីទិន្នន័យអន្តោប្រវេសន៍ចេញ-ចូលប្រទេសកម្ពុជា ដែលមានភ្ជាប់មក ជាមួយនូវតារាងទិន្នន័យចេញ-ចូល របស់ឈ្មោះ ជិន យានមឹង (CHENG YUAN MING) ភេទ ប្រុស ថ្ងៃកំណើត ១៥-មីនា-១៩៥៩ កាន់លិខិតឆ្លងដែនលេខ 301588052/351922438 និងឈ្មោះ ចូវ ស៊ូម៉ី (CHENG CHOU SHU MEI) ភេទស្រី ថ្ងៃកំណើត ០១-កុម្ភៈ-1958 កាន់លិខិតឆ្លងដែនលេខ
302802871/351922437 ក្រុមការងារបានរកឃើញភាពមិនប្រក្រតីដូចខាងក្រោម៖

• នៅថ្ងៃចុះកិច្ចសន្យាទិញ-លក់ដី ក្នុងតំលៃទិញលក់ ចំនួន ២៦.២៨០.០០០ ដុល្លារ ធ្វើឡើងរវាងភាគីអ្នកលក់ ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី និងភាគីអ្នកទិញឈ្មោះ ភឺន ផល្លា ដែលបានធ្វើឡើងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅចំពោះមុខលោកមេធាវី នួន បូរ៉ា ។ តាមការផ្ទៀងផ្ទាត់
តារាងទិន្នន័យចេញ-ចូលប្រទេសកម្ពុជា របស់ឈ្មោះ ជិន យានម៉ង (CHENG YUAN MING) និងឈ្មោះ ចូវ ស៊ូម៉ី (CHENG CHOU SHU MEI) ឃើញថាជនជាតិចិនតៃវ៉ាន់ទាំង០២រូបនេះ ពុំមានវត្តមានក្នុងប្រទេសកម្ពុជានៅថ្ងៃចុះកិច្ចសន្យា ដូចការបំភ្លឺ និងការដាក់ភស្តុតាងជាឯកសារ របស់ឈ្មោះ ភឺន ផល្លា នោះទេ។

• នៅថ្ងៃធ្វើលិខិតប្រគល់-ទទួលប្រាក់ ចំនួន ០៤ ដំណាក់កាល រួមមាន៖
– លើកទី១៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៦
– លើកទី២៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦
– លើកទី៣៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៦
– លើកទី៤៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧

តាមការផ្ទៀងផ្ទាត់តារាងទិន្នន័យចេញ-ចូលប្រទេសកម្ពុជា របស់ឈ្មោះ ជិន យានមិង (CHENG YUAN MING) និងឈ្មោះ ចូវ ស៊ូម៉ី (CHENG CHOU SHU MEI) ឃើញថាជនជាតិចិនតៃវ៉ាន់ ទាំង ០២រូបនេះ ពុំមានវត្តមានក្នុងប្រទេសកម្ពុជានៅថ្ងៃធ្វើលិខិតប្រគល់-ទទួលប្រាក់ទាំង ០៤ ដំណាក់កាល ដូចការបំភ្លឺ និងការដាក់ភស្តុតាងជាឯកសាររបស់ឈ្មោះ ភឺន ផល្លា នោះទេ។ សំណុំឯកសាររបស់លោក ភឺន ផល្លា ដែលភ្ជាប់មកជាមួយដីកាបញ្ជូនលេខ ៩៧០ ខន/០២០ ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ទៀងផ្ទាត់ជាមួយសំណុំឯកសារដែលលោក ភឺន ផល្លា ដាក់ជូនមករដ្ឋបាលខេត្ត ក្រុមការងារពិនិត្យឃើញថាស្នាមមេដៃលើឯកសារដែលបានភ្ជាប់មកជាមួយមានភាពខុសគ្នា ។

លោក គួចចំរើន លម្អិតទៀតថា :  អំពីការសិក្សាឯកសារគតិយុត្ត និងលិខិតរដ្ឋបាលផ្សេងៗ ចំពោះដីកាសម្រេចចាត់ចែងរក្សាការពារលេខ៦៨៣ តរ.១៨ ចុះថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៨ របស់ សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចហាមឃាត់ភាគី លោក ឈិត ហ៊ាន, ឈិត ហ៊ាង, ភោគ វឌ្ឍនា មិនឱ្យលក់ ដូរ ជួល បញ្ចាំ ធ្វើអំណោយ ធ្វើប្រទានកម្ម ធ្វើហ៊ីប៉ូតែក ធ្វើសន្តតិកម្ម និងហាម ឃាត់មិនឱ្យចូលទៅកាន់កាប់ និងគ្រប់គ្រង ឬធ្វើការផ្សេងៗលើប័ណ្ណសម្គាល់សិទ្ធិចំនួន១០៨ប័ណ្ណ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចេញលិខិតចំនួន ០២លើក៖ លើកទី១ លិខិតលេខ ២៣៣ រប.ដនសស/ខនស ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា មិនអាចចុះបញ្ជីតាមការផ្ទុកផ្ដាក់របស់សាលាដំបូងខេត្តព្រះសីហនុបានទេ និង បានសុំកែសម្រួល លិខិតផ្ទុកផ្ដាក់ទៅតាមទម្រង់ដូចមានចែងក្នុងប្រកាសអន្តរក្រសួងលេខ ៣០ កយ.ដនស ប្រក/១៣ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងលើកទី២ លិខិតលេខ ៨៦៤ សណ. ជនសស/ខសន ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានលើកចោលនូវសំណើសុំផ្ទុកផ្ដាក់របស់សាលាដំបូងខេត្តព្រះសីហនុលើប័ណ្ណទាំង ១០៨ នេះ ពោលគឺ ដីកាសម្រេចចាត់ចែងរក្សាការពារ លេខ៦៨៣ តរ.១៨ ចុះថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៨ របស់សាលា ដំបូងខេត្តព្រះសីហនុ មិនអាចអនុវត្តការចុះបញ្ជីផ្ទុកផ្កាក់តាមនីតិវិធីច្បាប់ជាធរមានបានទេ។ យោងតាមលិខិតលេខ ០៤៦ រប/បស្ថ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន បានគោរពរាយការណ៍ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី លើករណីសំណើរបស់ឈ្មោះ ភឺន ផល្លា ស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីទំហំសរុប ៦២៦ហិកតា ស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ។ ករណីនេះ ក្រសួងបរិស្ថាន បានធ្វើរបាយការណ៍គោរពជូនយោបល់ សម្តេចតេជោថា ចំពោះសំណើរបស់ឈ្មោះ ភឺន ផល្លា គឺពុំអាចផ្ដល់ជូនបានទេ ដោយហេតុថាទីតាំងដែលស្នើចុះបញ្ជីធ្វើ
ប័ណ្ណកម្មសិទ្ធិនេះ បានជាន់លើដីដែលកាន់កាប់អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។

អភិបាលខេត្តបន្តថា : យោងតាមលិខិតលេខ ៦០៦ ដនស អសដភ ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី លើករណីសំណើរបស់ឈ្មោះភឺន ផល្លា ស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីទំហំសរុប ៦២៦ហិកតា ស្ថិតនៅភូមិសាស្រ្តភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ។ ករណីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគោរពជូនយោបល់ សម្តេចតេជោ ថា ចំពោះសំណើរបស់លោក ភឺន ផល្លា គឺពុំអាចផ្តល់ជូនបាន ទេ ដោយហេតុថាទីតាំងនេះ គឺជាដីឧទ្យានជាតិព្រះសីហនុ “រាម” ហើយក្នុងនោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានចំណារដ៏ខ្ពង់ខ្ពស់ថា “ឯកភាពតាមការជូនយោបល់” ។

លោក គួច ចំរើន បញ្ជាក់ថា : ការបូកសរុបលទ្ធផលនៃការស្រាវជ្រាវឬយោងតាមការអង្កេតស្រាវជ្រាវ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការបូកសរុប និងស្នើសុំគោរពជូនយោបល់ដូចខាងក្រោម:

១- យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងឯកសារគតិយុត្ត បានបញ្ជាក់ច្បាស់លាស់ថា ប័ណ្ណដីទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ “រាម” ត្រូវបាននិរាករណ៍ ដូចនេះប័ណ្ណដីទាំង ១០៨ប័ណ្ណ ដែលលោក ភឺន ផល្លា បានយកមកប្រើប្រាស់ដើម្បីទាមទារសិទ្ធិកាន់កាប់ដីពុំមានសុពលភាពឡើយ។

២- ចំពោះទីតាំងដីដែលកំពុងមានវិវាទខាងលើនេះ តាមការបំភ្លឺរបស់អាជ្ញាធរមូលដ្ឋានបានអះអាងថា គឺជា ដីរបស់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងពិតប្រាកដមែន ដែលមាន ចំនួនគ្រួសារប្រជាពលរដ្ឋប្រមាណ ២៥៥គ្រួសារ ស្មើនឹងមនុស្សចំនួន ១២៥៦នាក់។

៣- យោងតាមរបាយការណ៏លេខ ០៤៦ របបស្ថ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន និង លិខិតលេខ ៦០៦ ដនស អសដភ ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី លើសំណើរបស់ឈ្មោះ ភឺន ផល្លា ស្នើសុំចុះ បញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីទំហំសរុប ៦២៦ហិកតា ស្ថិតនៅភូមិសាស្រ្តភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះ ក្រសួងទាំងពីរ បានគោរពជូនយោបល់ សម្តេចតេជោ ពុំយល់ព្រមតាមការស្នើសុំ ព្រោះទីតាំងដីដែលស្នើសុំ បានជាន់លើដីរបស់ប្រជាពលរដ្ឋ និង ជាន់លើដីឧទ្យានជាតិព្រះសីហនុ រោម” ហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចំណារឯកភាពតាមការ ជូនយោបល់នេះ។

៤- ពាក់ព័ន្ធការបំភ្លឺអះអាងរបស់ឈ្មោះ ភឺន ផល្លា និងការផ្តល់ភស្តុតាងជាឯកសារដែលឈ្មោះ ភឺន ផល្លា បានដាក់ជូនខុទ្ទកាល័យសម្តេចតេជោ និងជូនក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ មានដូចជា ៖ កិច្ចសន្យាទិញ-លក់ដី លិខិតប្រគល់-ទទួលប្រាក់ និងឯកសារផ្សេងៗទៀត ក្រុមការងាររបស់រដ្ឋបាល ខេត្តព្រះសីហនុរកឃើញថា ការបំភ្លឺ និងភស្តុតាងជាឯកសារទាំងនោះ សង្ស័យមានភាពមិនប្រក្រតី និង មានតម្រុយជាឯកសារក្លែង។

លោក គួចចំរើន សូមគោរពជូនយោបល់៖
ផ្អែកតាមលទ្ធផលនៃការអង្កេតស្រាវជ្រាវខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពស្នើសុំជូនយោបល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដូចខាងក្រោម៖

គួរអនុញ្ញាតចុះបញ្ជីជូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងស្របតាមនីតិវិធី គួរស្នើចាត់វិធានការតាមច្បាប់ ចំពោះជនដែលបានបង្កើតឯកសារក្លែង ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច តាមក្រមព្រហ្មទណ្ឌជាធរមាន ។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ជុំវិញ លោកផ្កាយ២ ភឺន ផល្លា បុគ្គលដែលបានបង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច   រំលោភយកដីប្រជាពលរដ្ឋរាប់រយហិកតា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយអភិបាលខេត្តស្នើសុំ លោកឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ គួរចាត់ការតាមក្រមព្រហ្មទណ្ឌជាធរមាន ។ លោកផ្កាយ២ ភឺន ផល្លា បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»តាមប្រព័ន្ធ Telegram ថា ៖ បើយកករណីនេះមកសួរ វាជារឿងយូរហើយ ក្នុងនោះតើមានប្រជាជនមួយណាមានឯកសារកាន់កាប់ ព្រោះរាល់ថ្ងៃគេកំពុងធ្វើកិច្ចការហ្នឹង មានគណកម្មការ និងក្រុមការងារកំពុងចុះ ធ្វើកិច្ចការហើយ ។ លោកថា ថ្ងៃមុនមានបុគ្គលមួយ Live ខុសរឿង គេចាប់ដាក់គុកទៅ ! លោក ភឺន ផល្លា បន្តថា ៖ ប្រជាពលរដ្ឋរស់នៅទីនោះពិតប្រាកដគេបានដោះស្រាយខ្លះហើយ ….លោកថា, មកទល់ចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ក្រុមអធិការកិច្ចគេចុះធ្វើអស់ហើយ ក្នុងនោះក្រុមការងារបានដកដី សជណ ជាកញ្ចប់ និងដីដែលពាក់ព័ន្ធអស់ ២០០ហិកតាជាង និងធ្វើកំណត់ហេតុផ្តិតមេដៃទៀត ។
សូមបញ្ជាក់ថា ៖ លោកផ្កាយ២ ភឺន ផល្លា មិនឆ្លើយ ឬបកស្រាយឱ្យចំនូវអ្វីដែលអភិបាលខេត្តព្រះសីហនុ បញ្ជាក់ថាគាត់ បានបង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច នោះទេ គឺគាត់ព្យាយាមបញ្ចៀសចម្លើយ ពីសំណួរសារព័ត៌មាន ។
ដោយឡែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ជុំវិញរបាយការណ៍របស់គាត់ ដាក់គោរពជូន លោកឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញ លោកផ្កាយ២ ភឺន ផល្លា ជនដែលបានបង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច   រំលោភយកដីប្រជាពលរដ្ឋរាប់រយហិកតា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយអភិបាលខេត្តស្នើសុំ លោកឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ គួរចាត់ការតាមក្រមព្រហ្មទណ្ឌជាធរមាន លោកបានឆ្លើយយ៉ាងខ្លីថា «គួរសួផ្ទាល់ទៅក្រសួង» ។
ចំពោះលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ មិនអាចទាក់ទងសុំការបំភ្លឺបានទេ តាមរយះទូតស័ព្ទ ខលមិនលើក ទំនងអាចនៅក្រៅប្រទេស ហើយតាមរយះប្រព័ន្ធ Telegram សួរទៅគាត់បើមើលតែមិន ឆ្លើយតប ។

សូមរម្លឹកថា៖ តាមរយះលិខិត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បញ្ជាក់ថា ៖ លោកផ្កាយ២ ភឺន ផល្លា បានបង្កើតឯកសារក្លែង,  ប្រើប្រាស់ឯកសារក្លែង និងផ្តល់ព័ត៌មានភូតកុហកសមត្ថកិច្ច   រំលោភយកដីប្រជាពលរដ្ឋ។ នេះជាអំពើបំពានច្បាប់ធ្ងន់ធ្ងរ ប្រហែលជាលោកផ្កាយ២រូបទប់មិនជាប់ទេ ហើយអ្នកដែលអាចថា ជាខ្នង ក៏មិនហ៊ានដែរ បើបុគ្គលនេះ សាងកំហុសធំធេង ចំពោះសង្គម និងប្រព្រឹត្តបំពានច្បាប់ ខណះសម័យ វះ កាត់ហើយ ។ ថ្មីៗនេះទៀតសោត ឈ្មោះ ភឺន ផល្លា បានលក់ដីទំហំ ៨០ហិកតា ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានព្រំប្រទល់មួយផ្នែកជាប់ព្រំជាមួយ (ឈ្មោះ ប៊ុន កែវឡុង) អោយទៅអ្នកដទៃ ដល់រត់ការចេញប្លង់រឹងបែជាមកគ្របលើដីរបស់ឈ្មោះ ប៊ុន កែវឡុង ជាង២០ហិកតា … នេះបានគេស្គាល់លោកផ្កាយ២ ភឺន ផល្លា ច្បាស់ គឺអ្វីក៏ហ៊ានធ្វើទាំងបំពានច្បាប់ ។ ករណីខេត្តកណ្តាលនេះ បើអភិបាលខេត្តកណ្តាល មានបង្កើតក្រុមការងារដូច អភិបាលខេត្តព្រះសីហនុវិញ ប្រហែល ជាលោកផ្កាយ២ ភឺន ផល្លា ធ្វើឱ្យបែកធ្លាយរឿងមិនប្រក្រតីនេះ ជាប់ពាក់ព័ន្ធ ជាមួយនឹងអ្នកខ្លះដូចសម្ល កំពឹសហើយ ៕

...

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print