ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី៕សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១៤ និង៥៨នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះល្បាតការពារសណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ពេលល្បាតដល់ចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានប្រទះឃើញមានក្មេងទំនើងចំនួន០២ក្រុម មានគ្នាប្រហែល០៨នាក់ បានធ្វើសកម្មភាព ដេញកាប់គ្នាទៅ វិញទៅមក យ៉ាងអាណាធិបតេយ្យ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើកាបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាង កាំបិតខ្វែវដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ ពិសិដ្ឋ (ហៅជុយ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីឃាត់ខ្លួននិងសួរចម្លេីយបានឆ្លើយសារភាពថា ខ្លួនពិតជាជាប់ពាក់ព័ន្ធក្នុងករណីដេញកាប់គ្នាពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានសកម្មភាពជាក់ស្ដែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីចំណែកបក្សពួកផ្សេងទៀតដែលរត់គេចខ្លួន ត្រូវបានកម្លាំងកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តទៀត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា