សមាគមស្បៀងអាហារវៀតណាមបានឱ្យដឹងថា ការនាំចេញអង្ករវៀតណាមនៅក្នុងពាក់កណ្តាលទី១នៃឆ្នាំនេះបានធ្លាក់ចុះ ៣២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែមានការប្រកួតប្រជែងខ្លាំងពីប្រទេសផ្សេងៗ។
នៅក្នុងត្រីមាសទី១នៃឆ្នាំនេះការនាំអង្ករចេញបានកើនឡើងជាង៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាមុន ដោយសារតែកិច្ចសន្យាទិញអង្ករត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន។
ប៉ុន្តែជាមួយតម្លៃអង្ករក្នុងស្រុកកើនឡើងខ្ពស់ជាងតម្លៃអង្ករសកលកាលពីខែមីនា និងមេសានោះ សហគ្រាសក្នុងស្រុកជាច្រើនមិនអាចចុះកិច្ចសន្យាថ្មីផ្សេងទៀតនោះទេ។ កត្តានេះបានបង្កឱ្យមានការធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។
ដោយយោងទៅតាមរបាយការណ៍របស់សមាគមនេះបានឱ្យដឹងថា ប្រទេសអាស៊ីជាច្រើននៅតែជាអ្នកទិញដ៏សំខាន់របស់ អង្ករវៀតណាមដដែល ពោលគឺស្មើនឹង ៦៧ភាគរយនៃការនាំចេញអង្ករសរុប បន្ទាប់មកតំបន់អាហ្វ្រិកមាន១៦,៤ភាគរយ និងអាមេរិកមាន១១,៩ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយពាក់កណ្តាលដំបូងនៃឆ្នាំនេះការនាំអង្ករសរុបទៅកាន់ តំបន់អាស៊ីបានធ្លាក់ចុះ៥,៤ភាគរយការ នាំអង្ករទៅកាន់ចិនធ្លាក់ចុះ៩ភាគរយនិងការនាំចេញទៅកាន់ប្រទេសហ្វុីលីពីនធ្លាក់ចុះ៥២ភាគរយ។
នៅក្នុងកិច្ចប្រជុំរបស់សមាគមនេះ សមាគមបានកែប្រែគោលដៅនៃការនាំ ចេញសរុបពី៦,៥លានតោនទៅ៥,៦៥ លានតោនដែលមិនបូកបញ្ចូលពាណិជ្ជ កម្មតាមព្រំដែនពោលគឺធ្លាក់ចុះ១៤ភាគ រយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់៦ខែដំបូងនេះអង្ករសរុបចំនួន២,៧លានតោនត្រូវបាននាំចេញ។
លោក Huynh Minh Hue អគ្គលេខាធិការរបស់សមាគមនេះបានឱ្យដឹងថា អ្នក នាំចេញអង្ករក្នុងតំបន់បានរំពឹងថានឹងមានការនាំអង្ករចំនួន ៣លានតោនចេញនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះពោលគឺធ្លាក់ ចុះ២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅក្រៅកិច្ចប្រជុំនេះ លោក Huynh The Nang ប្រធានសមាគមនេះបានមាន ប្រសាសន៍ថា ការដាក់គោលដៅត្រូវពឹងផ្អែកទៅលើការវិភាគទិន្នន័យរបស់សមាគម ហើយថា លក្ខខណ្ឌទីផ្សារអាចផ្លាស់ប្តូរ ប្រសិនបើហ្វុីលីពីន ឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតទិញអង្ករវៀតណាមថែមទៀតនោះ។
លោក Lam Anh Tuan នាយកក្រុមហ៊ុន Thinh Phat Co Ltd បានមានប្រសាសន៍ថា ការកំណត់គោលដៅអាចធ្វើទៅបាន ខណៈ ដែលតម្លៃអង្ករសល្អិត៥ភាគរយរបស់វៀតណាមនេះមានការប្រកួតប្រជែងខ្លាំងជាងគេនៅក្នុងតំបន់នេះ។
ក្រៅពីការនាំចេញផ្លូវការនេះសហ គ្រាសនេះក៏បាននាំចេញអង្ករទៅកាន់ ប្រទេសចិនតាមរយៈពាណិជ្ជកម្មតាមព្រំដែនចាប់តាំងពីឆ្នាំ២០១២ ពោលគឺជាមួយនឹងទំហំនៃការនាំចេញប្រចាំឆ្នាំដែលឈានដល់ពី១,៥ ទៅ១,៧លានតោន៕
ដោយ៖ រ័ត្ន