សម្ដេចធិបតី​៖ ការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី​ គឺដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​បញ្ជាក់ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា៖ ការដំឡើងលោក​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី ដោយសារក្រសួងនេះ​ដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ។

សម្ដេចធិបតី​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការនិយាយវាយប្រហារចំពោះការដំឡើងឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារការដំឡើងរដ្ឋមន្ត្រីក្រសួងមុខសាធារណៈ ទៅជាឧបនាយករដ្ឋមន្ត្រី ថាដោយសារអ្នកនេះ ឬអ្នកនោះ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ (ក្រសួងមុខងារសាធារណៈ) អ្នកណាក៏ដោយ ដែលកាន់ការងារនេះ ក៏ត្រូវតែដំឡើងដែរ ដោយសារអី ដោយសារក្រសួងនេះ​ដើរតួនាទីជាសេនាធិការ នៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្របទៅលើ ជួយទៅលើការកំណែទម្រង់នេះ ដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់»។

សម្ដេចធិបតី គូសបញ្ជាក់បន្ថែមថា ប្រសិនបើសេនាធិការ (ក្រសួងមុខងារសាធារណៈ) មានទម្ងន់ទាប ថាតើទៅប្រាប់ក្រសួង-ស្ថាប័នដទៃឲ្យធ្វើការយ៉ាងដូចម្ដេច? សម្ដេចបានបន្ថែមថា «ប៉ុន្តែតម្រូវការកំណែទម្រង់អាទិភាព យើងត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី និងទម្ងន់ឲ្យធ្វើ ដើម្បីផលប្រយោជន៍ជាតិយើងទាំងមូល»។

...

គួរបញ្ជាក់ថា​ លោក ហ៊ុន ម៉ានី ត្រូវបានសម្ដេច​មហាបវរធីបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំទៅរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដំឡើងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្ន។​ ហេីយលោក ហ៊ុន ម៉ានី កាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ​ ត្រូវបានសមាជិក-សមាជិការដ្ឋសភាចំនួន ១២០រូប បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហើយនៅថ្ងៃដដែលនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print