ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ អ្វីជារថភ្លើងធុនស្រាល…? ហេតុអ្វីចាំបាច់មានយាននេះក្នុងទីក្រុង..?
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្រុមហ៊ុន China Metro Group ក្នុងជំនួបជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់លើការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT)នៅកម្ពុជា។
ភាគីក្រុមហ៊ុន China Metro Group បានបង្ហាញវឌ្ឍនភាពការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែនៅកម្ពុជា ៖
១-គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប។
២- គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។
រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។
ឧទាហរណ៍៖នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង វាអាចយឺត អាចកកស្ទះ ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះ គឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា ហើយគោលដៅធំរបស់វា គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង៕ដោយ៖ស តារា