ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចសហការពិនិត្យឃេីញសត្វមាន់រស់ចំនួនមួយរថយន្តដែល ដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត្តនៅស្រុកភ្នំព្រឹកខេត្ត បាត់ដំបង និងបានឃាត់យកមកអនុវត្តតាមនីតិវិធី។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនេះ លោកវរសេនីយ៍ឯក យី យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានដឹកនាំកម្លាំង ចូលរួមសហការជាមួយមន្រ្តីជំនាញ ការិយាល័យផលិតកម្ម និងបសុ ព្យាបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញនេះ ចុះបង្ក្រាបករណីដឹកជញ្ជូនមាន់រស់គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពដដែល បានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខបាត់ដំបង 2C-3805 រកឃើញមាន់រស់ចំនួន៣៥៨ក្បាល ស្មើនឹង ៤៥តាការ និងបាននាំយកមករក្សាទុកបណ្តោះអាសន្ន និងអនុវត្តនីតិវិធីបន្តនៅចត្តាឡីស័ក របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង៕