អ្នកនាំពាក្យក្រសួងការងារថា គោលដៅរបស់រាជរដ្ឋា ភិបាល ក្នុងការទាញទម្លាក់អត្រាភាពក្រីក្រឲ្យមកនៅក្រោម ១០ភាគរយ នឹងសម្រេចជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាមន្រ្ដីនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកខ្ពស់ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានដាក់ចេញកម្មវិធីបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីផ្ដល់ជំនាញមួយច្បាស់លាស់ដល់យុវជន ហើយក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ យុវជន នឹងទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់។ តាមរយៈកម្មវិធីគោល នយោបាយនេះលោក កត្តា អ៊ន មានជំនឿចិត្តថា គោល ដៅរបស់រាជរដ្ឋាភិបាលដែលចង់ទាញទម្លាក់អត្រាភាពក្រីក្រ នឹងសម្រេចជោគជ័យ។

លោកអ្នកនាំពាក្យមានប្រសាសន៍ថា ៖«យើងឃើញថា បច្ចុប្បន្ននេះយើងមាន ធនធានមនុស្សយើងតិចតូចណាស់ ដែលមានជំនាញវិជ្ជាជីវៈបច្ចេកទេស។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោ បាយដើម្បីផ្ដល់ជំនាញវិជ្ជាជីវៈបច្ចេកទេស ដល់យុវជន ១លាន ៥សែននាក់ ដែលនេះគឺជាការលើកកម្ពស់ ការផ្ដល់ចំណេះជំនាញ ដល់យុវជនយើងនៅក្នុងវិស័យការងារ ដែលមានន័យថា យុវជនដែលមិនទាន់មានជំនាញ យុវជនដែលពុំទាន់មានការងារធ្វើ ពួកគាត់នឹងបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ហើយនៅពេលដែលចប់វគ្គបណ្ដុះបណ្ដាលជំនាញពួកគាត់នឹងមានការងារធ្វើ នៅគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យរោងចក្រសហគ្រាស ក៏ដូចជាសេវាកម្មផ្សេងៗ កសិកម្មផ្សេងៗ ហើយនៅក្នុងនោះបុគ្គលដែលជាបុគ្គលិក កម្មករផ្សេងៗ មួយចំនួនដែលកំពុងធ្វើការសព្វថ្ងៃនេះ គ្មានជំនាញ នឹងមានជំនាញ ហើយពួកគាត់អាចក្លាយទៅជាអ្នកគ្រប់គ្រងថ្នាក់កណ្ដាលនៅក្នុងវិស័យការងារទៀត។ អ៊ីចឹងហើយការដែលបានចូលធ្វើការងារ មានឱកាសការងារ មានតួនាទីក្នុងការងារ មានប្រាក់ខែ នេះឯងគឺជាការកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅរដ្ឋាភិបាលកាត់បន្ថយពី ១៧ភាគរយឲ្យសល់ ១០ភាគរយពីពេលនេះទៅមុខ»។

ជុំវិញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានយុវជនមកចុះឈ្មោះចូលរៀនចំនួន ២ម៉ឺន ៧ពាន់ ៣២៩នាក់ ក្នុងនេះមានស្រ្ដី ៩ពាន់ ៤៤២នាក់ ដែលពួកគាត់នឹងរៀននៅលើមុខជំនាញមួយចំនួនដែលរួមមាន វិស័យសំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិច កម្មន្ដ សាល មេកានិចទូទៅ មេកានិចរថយន្ដ ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខាត្រជាក់ និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម ដែលសុទ្ធសឹងតែជាមុខជំនាញដែលមានតម្រូវការទីផ្សារខ្ពស់។ លោមកត្តា អ៊ន បញ្ជាក់ថា ក្រសួងការងារ បានបើកថ្នាក់បង្រៀនចំនួន ៥៤៥ថ្នាក់ ដែលមានយុវជនកំពុងចូលរៀនចំនួន ១ម៉ឺន ២ពាន់នាក់ ហើយចំពោះចំនួនដែលនៅសេសសល់កំពុងរង់ចាំចូលរៀនវគ្គបន្តទៀត។

លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ទីផ្សារការងារប្រមាណជាង ៣ម៉ឺនកន្លែងដែលកំពុងត្រូវការយុវជន ដែលមានជំនាញ ហេតុដូច្នេះហើយសម្រាប់យុវជនដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងទទួលបានឱកាសការងារខ្ពស់។ នៅក្នុងឱកាសនេះមន្រ្ដីជាន់ខ្ពស់ នៃក្រសួងការងាររូបនេះ បានអំពាវនាវដល់យុវជនទាំងអស់ ទាំងអ្នកដែលគ្មានជំនាញ អ្នកគ្មានការងារ អ្នកដែលកំពុងធ្វើការងារសព្វថ្ងៃ អ្នកដែលចង់ផ្លាស់ប្ដូរជំនាញ សូមរួសរាន់ទៅចុះឈ្មោះនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញ ក៏ដូចជាសាកសួរព័ត៌មានអំពីការចុះឈ្មោះចូលរៀនជំនាញទៅអាជ្ញាធរឃុំសង្កាត់ ក៏ដូចជាមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដ ឬក៏ហៅទូរស័ព្ទទៅកាន់លេខ ១២៩៧ ដើម្បីសួរនាំព័ត៌មាន ដើម្បីចុះឈ្មោះចូលរៀននៅគ្រឹះស្ថានបណ្ដុះ បណ្ដាលដែលនៅជិតផ្ទះ ដើម្បីទទួលបានជំនាញច្បាស់ លាស់ មានការងារធ្វើទទួលបានប្រាក់ខែខ្ពស់ និងមានជីវភាពធូរធាទៅថ្ងៃមុខ។

សូមជម្រាបជូនថា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី០៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅទាញទម្លាក់អត្រាភាពក្រីក្រី ដែលកំពុងស្ថិតនៅក្នុងរង្វង់ ១៧ ភាគរយ ឲ្យធ្លាក់ចុះមកនៅក្រោម ១០ភាគរយ និងទាបបំផុតតាមដែលអាចធ្វើទៅបាន។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដែលទី១ និយាយអំពីការពង្រីកការផ្ដល់សេវាសុខភាពដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ពេលឈឺ គ្មានសេវាព្យាបាល។

ទី២ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចេកទេស ទៅដល់យុវជនដែលជាកូនអ្នកក្រីក្រ ដោយមិនទុកឲ្យបងប្អូនយុវជន អ្នកក្រីក្រណាមួយមិនទទួលការបណ្ដុះបណ្ដាលទេ។ ទី៣ កម្មវិធីជាតិជំនួយសង្គម ការគាំទ្រទៅដល់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ នៅ ពេលមានគ្រោះអាសន្ន ហើយរដ្ឋមិនបានគាំពារ ។ ទី៤ និយាយអំពីការអភិវឌ្ឍយុទ្ធសាស្រ្ដជាតិសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺសំដៅទៅដល់ការជួយបងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបតូចតាចក្រៅប្រព័ន្ធ ដើម្បីឲ្យពួកគាត់មាន លទ្ធភាពអាច អភិវឌ្ឍន៍ខ្លួនឈានទៅបង្កើនអាជីវកម្មរបស់គាត់ទៅថ្ងៃមុខដើម្បីចូលក្នុងសង្គម។ ទី៥ ការដាក់ ចេញយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ដើម្បីជួយដល់កសិករ ហើយនិងទី៦

...

គឺការដាក់ពង្រាយអ្នកជំនាញបច្ចេកទេសកសិកម្មទៅតាមឃុំសង្កាត់ ក៏ដូច ជាការបង្កើតសហគមន៍កសិករនៅទូទាំងប្រទេស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print